តម្រូវ​ការ​កង់​សកល​លោក​កើន​ខ្លាំង​ពេក​រហូត​រោងចក្រ​ផលិត​មិន​ទាន់​

Publié le 28 Juillet 2020

តម្រូវ​ការ​កង់​សកល​លោក​កើន​ខ្លាំង​ពេក​រហូត​រោងចក្រ​ផលិត​មិន​ទាន់​

july 27,2020

AFP
កង់​កំពុង​រីកសាយ​ពាសពេញ​ពិភពលោក​នៅពេល​មនុស្ស​ព្យាយាម​ជៀសវាង​ឡានក្រុង និង​រថភ្លើង ដែលមាន​មនុស្ស​ច្រើន​កុះករ​សម្រាប់​ការធ្វើដំណើរ​ប្រចាំថ្ងៃ​របស់​ពួកគេ បន្ទាប់ពី​មាន​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ឬ​ការធ្វើ​លំ​ហាត់ប្រាណ​បន្ទាប់ពី​នៅក្នុង​ផ្ទះ​អស់​រយៈពេល​ជាច្រើន​ខែ​។​

ប៉ុន្តែ​ជាមួយនឹង​ការលក់​បាន​រីកដុះដាល​នៅក្នុង​ប្រទេស​ជាច្រើន ការ​ជិះ​កង់​នាពេល​បច្ចុប្បន្ន​បានធ្វើឱ្យ​ក្រុមហ៊ុន​ផលិត និង​អ្នក​លក់រាយ​ដាច់​ឆ្ងាយ​ពី​តម្រូវការ​។​

​សហព័ន្ធ​ឧស្សាហកម្ម​កង់​អឺរ៉ុប (CONEBI) បាន​ប៉ាន់​ស្មានថា​មាន​ចំនួន ៤៥ ទៅ ៥០ ភាគរយ​នៃ​គ្រឿងបន្លាស់​សម្រាប់​កង់​ទាំងអស់​ដែល​លក់​នៅ​អឺរ៉ុប​ត្រូវបាន​នាំចូល​ពី​អាស៊ី​។ យោងតាម CONEBI បានឱ្យដឹងថា កង់ និង​កង់​អេ​ឡិច​ត្រូ​និ​ច​ចំនួន ៧.៣ លាន​ត្រូវបាន​នាំ​ចូលទៅ​អឺរ៉ុប​កាលពី​ឆ្នាំមុន ដែល​ភាគច្រើន​មកពី​ប្រទេស​កម្ពុជា និង​តៃវ៉ាន់​។​

 

​នៅ​ទីក្រុង​ប៉ារីស ជា​កន្លែង​ដែល​អភិបាលក្រុង Anne Hidalgo បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​ដាក់​ការ​ជិះ​កង់​លើ​ផែនទី ដែល​បង្កើន​ចំនួន​ផ្លូវ​កង់​យ៉ាងច្រើន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ អ្នកទិញ​ជារឿយៗ​ត្រូវ​រង់ចាំ​ប៉ុន្មាន​សប្តាហ៍​ដើម្បី​ទទួលបាន​កង់​ម៉ាក់​ថ្មី​របស់​ពួកគេ​។​

​លោក Federico Mosca អ្នក​លក់រាយ​ឯករាជ្យ​នៅ​ប៉ារីស​បាន​និយាយថា​៖ «​រយៈពេល ៣ ឬ ៤ សប្តាហ៍​នេះ ខ្ញុំ​មាន​អតិថិជន​រាប់សិប​នាក់​កំពុង​រង់ចាំ​។ ហើយ​ខ្ញុំ​ត្រូវប្រគល់​ប្រាក់​ទៅឱ្យ​មនុស្ស​មួយចំនួន​វិញ ពីព្រោះ​ខ្ញុំ​មិនដឹងថា​ពេលណា​ទើប​ខ្ញុំ​មាន​កង់​សម្រាប់​ពួកគេ​ទេ​»​។​

​អតិថិជន​ម្នាក់ ឈ្មោះ​នី​កូ​ឡា អាយុ ៣១ ឆ្នាំ​បាន​និយាយថា គាត់​បាន​ទៅ​មើល​ហាង​ចំនួន ៨ ផ្សេងៗ​គ្នា​មុនពេល​មានសំណាង​។​

​ហើយ​សូម្បីតែ​ពេលនោះ​ក៏ដោយ ក៏​គាត់​ត្រូវបាន​បង្ខំ​អោយ​ដំឡើង​ថវិកា​របស់គាត់ ហើយ​ទិញ​ម៉ូ​ដែល​ថ្លៃ​ជាង​ការគ្រោងទុក ព្រោះ​កង់​ដែល​គាត់​ចង់បាន​ត្រូវបាន​លក់​អស់​។​

​គាត់​ថា​៖ «​ខ្ញុំ​កំពុង​ស្វែងរក​កង់​ជាក់លាក់​មួយ ហើយ​ខ្ញុំ​បាន​ទុកពេល​មួយខែ​ដើម្បី​ទិញ​វា ប៉ុន្តែ​វា​មិន​មាននៅ​កន្លែង​ណា​ទេ​» ។​

 

​សង្វាក់​ហាង​លក់រាយ Decathlon ដែល​ឈានមុខ​គេ​បានអោយដឹងថា ខ្លួន​ក៏មាន​បញ្ជី​រង់ចាំ​ដែរ ប៉ុន្តែ​គេ​អាច​កែលម្អ​កង់​មួយ​ទឹក​សម្រាប់​អតិថិជន​ដែល​មិនអាច​រងចាំ​បាន​។​

​យោងតាម​សហព័ន្ធ​កីឡា និង​ប្រណាំង​កង់ បានឱ្យដឹងថា ការលក់​កង់​របស់​បារាំង​បាន​កើនឡើង​ទ្វេដង​នៅក្នុង​ខែឧសភា និង​មិថុនា បើ​ប្រៀបធៀប​នឹង​ខែ​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​ការលក់​កំពុងតែ​រីកដុះដាល​នៅក្នុង​ប្រទេស​ភាគច្រើន​នៅ​ជុំវិញ​ពិភពលោក​។​

Decathlon បាន​គណនា​ថា​ជាទូទៅ​នៅ​ទ្វីបអឺរ៉ុប​ការលក់​បាន​កើនឡើង​ពីរ និង​បី​ដង​។ នៅក្នុង​ប្រទេស​ចិន តំរូវការ​បាន​កើនឡើង​ប្រាំ​ដង​ចាប់តាំងពី​ការបិទ​ប្រទេស​មានការ​បន្ធូរបន្ថយ​។ រីឯ​នៅ​សហរដ្ឋអាមេរិក ការលក់​កង់​បាន​ផ្ទុះឡើង ដោយ​ការទិញ​តាម​អ៊ិន​ធើរ​ណែ​ត​បាន​កើនឡើង​យ៉ាងខ្លាំង​នៅ​ខែឧសភា​ចំនួន ៥ ០០០ ភាគរយ​បើ​ប្រៀបធៀប​ទៅនឹង​ខែ​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​នេះ​បើ​យោងតាម​ប្រជាជន សម្ព័ន្ធ​ក្រុមហ៊ុន​ផលិត និង​អ្នក​លក់រាយ ការលក់​សរុប​របស់​សហរដ្ឋអាមេរិក ទាំង​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត និង​ក្នុង​ហាង​បាន​កើនឡើង ៨១ ភាគរយ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ស្មើនឹង ១,១ ពាន់​លាន​ដុល្លារ​អាមេរិក (៩៥៧ លាន​អឺរ៉ូ​) ។​

 

​ប៉ុន្តែ​បន្ថែម​ពីលើ​តម្រូវការ​របស់​អតិថិជន ការបិទ​ប្រទេស​ក៏បាន​បង្កអោយមាន​ការ​លំបាក​ដល់​ក្រុមហ៊ុន​ផលិត​អ៊ឺរ៉ុប និង​អាមេរិក​ក្នុងការ​ទទួលបាន​គ្រឿងបន្លាស់​ផងដែរ​។​

​លោក Moreno Fioravanti អគ្គលេខាធិការ​នៃ​សមាគម​អ្នក​ផលិត​កង់​អឺរ៉ុប (EBMA) បានអោយដឹងថា ឧស្សាហកម្ម​នេះ​បាន​បាត់បង់​ការផលិត​គ្រឿងបន្លាស់​អស់​រយៈពេល ៣ ខែ ហើយ​ស្តុក​របស់​យើង​ត្រូវបាន​ប្រើប្រាស់​ក្នុង​រយៈពេល​តែ​ពីរ​ខែ​ប៉ុណ្ណោះ​។​

​លោក Pancho Pimentel ប្រធាន​ផ្នែក​ទីផ្សារ​នៃ Summit Bicycles ដែលមាន​ហាង​ចំនួន​ប្រាំ​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​បាន​មាន​និយាយថា​៖ «​មាន​កង្វះខាត​គ្រប់​ទីកន្លែង ចាប់ពី​ម៉ាក់​កង់​រហូតដល់​ផ្នែក​ផ្សេងៗ​នៃ​កង់​» ។ លោក​បន្តថា ការ​ជិះ​កង់​គឺជា ដំណើរការ​ចេញពី​បណ្តាញ​ផ្គត់ផ្គង់​ពិភពលោក​ដែល​ត្រូវបាន​រំខាន​ដោយ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ហើយ​ផលប៉ះពាល់​របស់​វា​ត្រូវបាន​គេ​មើលឃើញ​នៅ​គ្រប់​ប្រភេទ​ទាំងអស់​»​។​

​ក្រុមហ៊ុន Giant ដែលជា​ក្រុមហ៊ុន​ផលិត​ឈានមុខ​គេ​របស់​ពិភពលោក មាន​មូលដ្ឋាន​នៅ​កោះ​តៃវ៉ាន បានឃើញ ការលក់​របស់ខ្លួន​នៅ​អឺរ៉ុប​កើនឡើង ១៤០ ភាគរយ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​នៅក្នុង​ខែមិថុនា ដែល​ជំរុញ​ជាពិសេស​ការលក់​កង់​អេ​ឡិច​ត្រូ​និ​ច​។​

​បញ្ជា​ទិញ​គឺ​ពេញ​រហូតដល់​ពាក់កណ្តាល​ឆ្នាំក្រោយ ហើយ​វា​មាន​សុទិដ្ឋិនិយម​ស្រដៀង​គ្នា​សម្រាប់​ឆមាស​ទី ២ ។ ទោះយ៉ាងណា លោក Manuel Marsilio អគ្គនាយក​របស់​ក្រុមហ៊ុន CONEBI បាន​និយាយថា កង្វះ​កង់​មិនអាក្រក់​ដូច​មនុស្ស​មួយចំនួន​បានលើកឡើង​នោះទេ​។​

​លោក​បន្តថា​៖ «​មានការ​ខ្វះខាត​ខ្លះ​ដោយសារតែ​ការជាប់គាំង​រយៈពេល ២ ខែ​…​ផលិតកម្ម​របស់​អឺរ៉ុប​ត្រូវបាន​បញ្ឈប់​»​។​

​ប៉ុន្តែ​ឧស្សាហកម្ម​កង់​របស់​យើង​កំពុងធ្វើការ​យ៉ាងខ្លាំង​ដើម្បី​បំពេញ​ចន្លោះ​។ វា​ជា​រឿង​វិជ្ជមាន​មួយ​ដែល​យើង​មាន​អ្នក​ផលិត​ខ្នាតតូច និង​មធ្យម​ជាច្រើន​នៅ​ទូទាំង​ទ្វីបអឺរ៉ុប​ដែលមាន​ភាពបត់បែន​ខ្លាំង​។​

​លោក​បន្ថែមថា​៖ «​អ្នក​ផលិត​អ៊ឺរ៉ុប​ភាគច្រើន​នឹង​បន្ត​ធ្វើការ​ផងដែរ​នៅក្នុង​ខែកក្កដា និង​សីហា ដូច្នេះ​វា​នឹងមិន​បញ្ឈប់​នៅ​រដូវក្តៅ​ទេ​»​។ ក្នុងពេល​នេះដែរ អតិថិជន​នឹងត្រូវ​ទិញ​កង់​ដែលមាន​តម្លៃ​ថ្លៃ​ជាង​មុន ឬ​រង់ចាំ​ការផលិត​៕

​ប្រែ​សម្រួល​ដោយ សៀវ គួ​យ​អ៊ី​

Publié dans #INTERNATIONAL

Repost0
Pour être informé des derniers articles, inscrivez vous :
Commenter cet article