អ្នកឃ្លាំមើល​ព្រំដែន​ ថា​វិបត្តិ​​ព្រំដែន​ខ្មែរ នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ទ្វេ​ដង

អ្នកឃ្លាំមើល​ព្រំដែន​ ថា​វិបត្តិ​​ព្រំដែន​ខ្មែរ នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ទ្វេ​ដង

ដោយ CWCI Cambodia /
04th-6-2020

ក្រុមអ្នកឃ្លាំមើលបញ្ហាព្រំដែន បាន​សំដែង​ការព្រួយបារម្ភ​ជាខ្លាំង​ ចំពោះ​ការកសាង​ផ្លូវ​ក្រវ៉ាត់​ព្រំដែន​ប្រទេស​កម្ពុជា​ ដែល​ធ្វើ​ឡើង​រំលង​ភូមិ​បាក់ណាម ឆ្ងាយ​ពី​បង្គោល​ព្រំដែន​ខ្មែរ ​ជាង ២ គីឡូ​ម៉ែត្រ និង​ប្តូរប៉ុស្តិ៍​យាម​ច្រក​ព្រំដែន​បាក់ណាម ដល់ទៅ ៧ គីឡូម៉ែត្រ។ ​ភូមិ​បាក់ណាម ស្ថិត​នៅ​ឃុំ​ព្រែកជ្រៃ ស្រុក​កោះ ធំ ខេត្ត​កណ្តាល។

លោក មួង សូនី សមាជិកក្រុមការងារ ១០០រាត្រី និងជា​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ បាន​និយាយ​ថា ការអភិវឌ្ឍ​នៅ​តំបន់​វត្តបាក់ណាម ដែល​ជាប់ព្រំដែន​វៀតណាម​ គឺជា​អ្វីដែល​រដ្ឋាភិបាល​ខ្មែរ ត្រូវ​គិតគូរ​ជាអាទិភាព ពីព្រោះ​តំបន់នេះ ស្ទើរ​ក្លាយ​ទៅ​ជាភូមិ​របស់វៀតណាម​ ទៅ​ហើយ ដោយសារ​តែមានពលរដ្ឋខ្មែរ​រស់នៅ​តិចតួច និង​ខ្វះ​ការអភិវឌ្ឍ​នៅទីនោះ។ នេះ​បើតាម​ការលើក​ឡើង​របស់​លោក មួង សូនី នៅ​ក្នុង​កម្ម​វិធីពិភាក្សា Idea Talk នៃសារព័ត៌មាន The Cambodia Daily កាល​ពី​រាត្រីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ​២០២០។

ចំណែក​សកម្មជន ១០០រាត្រី លោក មាន ព្រហ្មមុនី ដែល​បាន​ចូល​រួមនៅ​ក្នុងកម្មវិធី Idea Talk នេះ​ដែរ​នោះ ក៏បាន​សំដែង​ការភ័យព្រួយ​​បារម្ភ អំពី​ខ្សែ​ក្រវ៉ាត់​ព្រំដែន​កម្ពុជា​ នៅ​ភូមិ​ប៉ាក់ណាម ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ខេត្តអានយ៉ាង ប្រទេស​វៀតណាម។

ក្រុមសកម្មជន​ដែល​តស៊ូមតិ​អំពីបញ្ហា​ព្រំដែន​ទាំងនេះ លើក​ឡើង​ថា កង​កម្លាំងវិស្វកម្ម​​កម្ពុជា លេខ​១១ ដែល​ដឹកនាំ​ដោយ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក ហ៊ុន សែន បាន​កសាង​ផ្លូវ​ក្រវ៉ាត់ព្រំដែន​នោះ ដោយ​ក្រាល​គ្រួស​ក្រហម​ ដើម្បី​ល្បាត​ព្រំដែន ប៉ុន្តែ​សព្វថ្ងៃ​នេះ ផ្លូវ​មួយ​ខ្សែ​នេះ​ កំពុង​តែ​រងការ​ខូច​ខាត​យ៉ាងដំណំ។

លោក​ មួង សូនី បញ្ជាក់បន្ថែម​ថា​ «ទាំងផ្លូវ​ក្រវ៉ាត់​ព្រំដែន និង​ប៉ុស្តិ៍យាម​ច្រកព្រំដែន មិន​មាន​លក្ខណៈ​បច្ចេកទេស និង​ផ្លូវច្បាប់​ត្រឹមត្រូវ ដែល​អាច​ទប់​ស្កាត់​ការឈ្លានពាន​របស់វៀតណាម មក​លើ​ទឹកដី​កម្ពុជាបាន​នោះទេ»។ លោកថា ជនជាតិវៀតណាម អាច​ឆ្លង​ចូល​ទឹកដីខ្មែរ​ ពី​ច្រក​មួយ​ ទៅ​ច្រ​កមួយ បាន​យ៉ាង​ងាយ​ ដោយ​មិន​បាច់​ឆ្លង​កាត់​ប៉ុស្តិ៍យាមកម្ពុជា​នោះឡើយ។

ទោះជាយ៉ាងណាក៏ដោយ មន្ត្រីប្រចាំ​ច្រកព្រំដែន​​បាក់ណាម បាន​ប្រាប់​ពី​មូលហេតុ​ នៃ​ការ​ផ្លាស់​ប្តូរ​ប៉ុស្តិ៍​យាម​ មក​ឆ្ងាយ​ពី​បង្គោលព្រំដែន​ថា «ដោយសារ​មាន​ការជំទាស់​ពីភាគី​វៀតណាម ហើយ​ថាជា​តំបន់​ ដែលមិន​ទាន់​ជជែកគ្នា​ដាច់​ស្រេច​នៅឡើយ» (?)

កាល​ពីពេលថ្មីៗនេះ ជន​ជាតិ​វៀតណាម បាន​ឈ្លានពាន​ចូល​មក​បោះ​តង់ លើ​ទឹក​ដី​កម្ពុជា និង​ដាក់កម្លាំង​​យោធា​​ចំនួន​ ២ លើក៖ ទី១. បោះតង់ចំនួន ៣១ កន្លែង នៅស្រុកលើកដែក និងស្រុកកោះធំ ក្នុង​ខេត្ត​កណ្តាល និងទី២. ចំនួន ៨៣ កន្លែង នៅខេត្ត​តាកែវ ក្រោម​លេស​ថា ជាវិធាន​ការ​រឹតបន្តឹង​ច្រក-ចេញ​ចូល​តាម​ច្រក​ព្រំដែន ក្នុង​គោលបំណង​ទប់ស្កាត់​ការរីករាល​ដាល​ជំងឺ​កូវីដ១៩។

ជុំវិញបញ្ហានេះ លោក មាន ព្រហ្មមុនី បាន​ចាត់​ទុកថា «វៀតណាម ឈ្លានពាន​ចូល​ម្តង​ហើយ​ម្តង​ទៀតបែប​នេះ គឺ​ជាការ​មើល​ងាយ​ ដល់អធិបតេយ្យភាព​របស់​កម្ពុជា​យ៉ាងធ្ងន់ធ្ងរ»។ ជាងនេះ​ទៅ​ទៀត​ លោកស្នើ​ឲ្យ​រដ្ឋាភិបាល​ លុប​ចោល​រាល់សន្ធិសញ្ញា​ព្រំដែន​ រវាង​កម្ពុជា-វៀតណាម ទាំងឡាយណា​ ដែល​ផ្ទុយ​នឹង​កិច្ចព្រម​ព្រៀង​ទីក្រុងប៉ារីស​ ឆ្នាំ១៩៩១ និង​រដ្ឋធម្មនុញ្ញ​របស់ប្រទេស។

ចំណែក​លោក មួង សូនី ក៏បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល គួរ​តែ​មាន​វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​ ទៅ​លើ​បញ្ហា​ព្រំដែន​ ក្នុង​ការពង្រឹង​វិស័យ​ការពារជាតិ ដើម្បី​រក្សា​បូរណភាព​ទឹកដី និង​ការពារ​អធិបតេយ្យជាតិ​ ជាមួយបរទេស​ជិត​ខាង។

សមាជិកក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ និង​​​ជា​អ្នក​​តាម​ដាន​​បញ្ហា​ព្រំដែន​ លោក រ៉ុង ឈុន ធ្លាប់​​បាន​​ប្រាប់​ក្រុម​​អ្នក​សាព័ត៌មាន​​ថា​ រដ្ឋាភិបាល​​ត្រូវ​​អភិវឌ្ឍ​តំបន់​ព្រំដែន ពង្រីក​​ហេដ្ឋា​រចនាសម្ព័ន្ធ​ ​នៅ​​​តាម​​​ព្រំដែន​​ឲ្យ​បាន​​ច្រើន​ និង​បង្កើន​ការ​ទប់ស្កាត់​​ការ​រំកិល​​ព្រំដែន​ ​ពី​​ប្រទេស​ជិតខាង​។ លោក​បន្ថែម​​ថា​ «អ្វី​ដែល​​យើង​​សោក​ស្ដា​យ​លើស​​ពី​ហ្នឹង​​ទៀត ​នៅ​ពេល​​ដែល​​យុវជន​ ពលរដ្ឋ​​ ចូលរួម​​និយាយ​​អំពី​​បញ្ហា​​ព្រំដែន​ ត្រូវ​​បាន​ការ​ព្រមាន​​ជា​បន្ត​បន្ទាប់​ {ពី​អាជ្ញាធរ​រដ្ឋាភិបាល​ខ្មែរ​គ្នា​ឯង}។ នេះ​​ជា​ការ​បំបាក់​ស្មារតី​​យុវជន​ និង​​ប្រជាពលរដ្ឋ​ខ្មែរ​​ ក្នុង​​ការចូលរួម​​ឈឺឆ្អាល​​​រឿង​ការពារ​ជាតិ​។ ​មេដឹកនាំ​​ដែលល្អ​ ​ត្រូវ​​បណ្ដុះ​​ឆន្ទៈ​ជាតិ​និយម​​ ដល់​ពលរដ្ឋ​ និង​​យុវជន​​របស់​​ខ្លួន​»

Border activists - Sony & Promsomony

.

Publié dans #NATIONAL

Repost0
Pour être informé des derniers articles, inscrivez vous :