ពលរដ្ឋ​អូស​រទេះ និង​រ៉ឺម៉ក​ជួប​ទុក្ខ​លំបាក​ជីវភាព​ក្រោយ​អាជ្ញាធរ​ផ្អាក​មិន​ឱ្យ​ដឹក​អីវ៉ាន់

Publié le 25 Juillet 2022

កម្មករ​អូស​រទេះ​ដឹក​ទំនិញ​ចេញ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ រូបថត​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៥។

កម្មករ​អូស​រទេះ​ដឹក​ទំនិញ​ចេញ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ រូបថត​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៥។

កម្មករ​អូស​រទេះ និង​អ្នក​រត់​រម៉ក​ទេសចរណ៍​នៅ​តំបន់​ព្រំដែន ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ ត្អូញត្អែរ​ពី​ទុក្ខ​លំបាក​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ។ ការ​ត្អូញត្អែរ​នេះ បន្ទាប់ពី​អាជ្ញាធរ​ច្រកព្រំដែន​អន្តរជាតិ​ឡែ​ម មិន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ អូស​រទេះ និង​រម៉ក​ទេសចរណ៍​ចូល​ទៅ​ដឹកទំនិញ​ក្នុង​ទឹកដី​ថៃ​ដូច​ពេល​មុន ដែល​ធ្វើ​ឱ្យ​មិន​អាច​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួ​សារបាន ។ សង្គម​ស៊ីវិល​យល់ឃើញ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​ទុក​ផ្លូវ​ឱ្យ​ពលរដ្ឋ​រស់នៅ​ប្រកប​របរ​នៅ​តាម​ព្រំដែន​បន្តិចបន្តួច ហើយ​សម្រួល​ដល់​ការ​ដោះដូរ​ទំនិញ​ទៅវិញទៅមក​ប្រកបដោយ​តម្លាភាព។

កម្មករ​អូស​រទេះ​ដឹកទំនិញ និង​អ្នក​រត់​រ៉ឺម៉ក​ទេសចរ ដឹក​ទំនិញ​នៅ​តាម​ព្រំដែន​ស្រុក​កំរៀង​ខេត្ត​បាត់ដំបង និង​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​លើកឡើង​ថា ការ​ដែល​អាជ្ញាធរ​ច្រកព្រំដែន អន្តរជាតិ​ដូង​(​ច្រក​ឡែ​ម​) មិន​ឱ្យ​ពួកគាត់​ចូល​ទឹក​ទំនិញ​នៅ​ប្រទេស​ថៃ​នេះ គឺ​ប្រៀប​ដូច​សម្លាប់​ពួកគាត់​ដោយ​ប្រយោល ព្រោះ​ពួកគាត់​គ្មាន​មុខរបរ​ផ្សេង​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ​នោះ​ទេ។

ពលរដ្ឋ​អូសរ​ទេះ​នៅ​ប៉ោយប៉ែត លោក ជា ឌឿន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថ្ងៃ​១៨ កក្កដា ថា លោក​ជួប​ការ​លំបាក​ច្រើន​ក្នុង​ជីវភាព ព្រោះ​ចំណូល​បាន​តិច ហើយ​ចំណាយ​ច្រើន ទៅលើ​ការ​បង់ប្រាក់​សម្រាប់​អាជ្ញាធរ​ប្រចាំការ​នៅ​ច្រកព្រំដែន​ដោយ ក្នុង​មួយ​រទេះ តម្លៃ​១​រយ​បាត​(១០០​បាត​) ស្មើនឹង​ប៉ុន្មាន​១​ម៉ឺន​២​ពាន់​ប្រាំ​រយ​(១២,៥០០​រៀល​) ។ លោក​បន្ត​ថា ការ​ចេញ​ចូល​ទំនិញ​រាង​ធូរ​ជាង​មុន ប៉ុន្តែ​ពួក​លោក​នៅតែ​ជួប​ការ​លំបាក​ដដែល ដោយ​តម្លៃ​ទំនិញ និង​ការ​រស់នៅ​ប្រចាំថ្ងៃ​មានការ​ចំណាយ​សព្វ​យ៉ាង ។ លោក​អះអាង​ថា របរ​នេះ​មិន​គ្រប់គ្រាន់​សម្រាប់​ដោះស្រាយ​ជីវភាព នោះ​ទេ តែ​ដោយសារ​លោក​គ្មាន​ជម្រើស ព្រោះ​គ្មាន​មុខរបរ​ផ្សេង​ក្រៅ​ពី​នេះ៖ «គេ​មិន​អី​ទេ​បង ឥឡូវ​រាង​ធូរ​ជាង​មុន ព្រោះ​កាល​មុន​បាន​តឹង បើ​ឥឡូវ​រាង​ធូរ ព្រោះ​កាល​ពីមុន​គយ​គេ​អត់​យក​លុយ តែ​ឥឡូវ​គយ​យើង​អាច​សុំ​គេ​បង់​គេ​បាន​អ៊ីចឹង កាលពីមុន​គយ​គេ​អត់​យក​លុយ គេ​ដឹង​តែ​ពី​ចាប់​ទេ ។ ចំណូល​ធ្លាក់​ទាំងអស់ គេ​តម្រូវ​ដូច​ថា មួយ​ជើង​៣​រយ​(៣០០)​អ៊ីចឹង នៅសល់​១​រយ​ជាង ។ ក្រៅពី​ច្រក​ប៉ោយប៉ែត វា​ដូច​អីវ៉ាន់​គេ​ចេញ​ស្រួល ទាក់ទង​អីវ៉ាន់ ពិបាក​តែ​ច្រក​ប៉ោយប៉ែត​មួយ​អីវ៉ាន់​ចេញ​មិនសូវ​ពិបាក​ទេ បើ​ចូល​ពិបាក​ចូល​ណាស់ បើ​ចេញ​គ្រាន់បើ បើ​ថា​ចូល​មិន​ងាយ​ទេ»

ចំណែក​ពលរដ្ឋ​ដឹកទំនិញ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ដូង (​ដូង​ឡែម) លោក ស៊ីត ប៊ុនសែន ឱ្យ​ដឹង​ថា លោក​ក៏​ជួប​ការ​លំបាក​ច្រើន​ដែរ ដោយ​តម្លៃ​ប្រេង​ឡើងថ្លៃ​ច្រើន ហើយ​ណាមួយ​តម្លៃ​ក្បាល​ឡាន​ចេញចូល​ថ្លៃ និង​គ្មាន​វិក្រយបត្រ​សម្រាប់​បង់ប្រាក់​ឡើយ ដោយ​ត្រូវ​បង់​ក្បាល​ឡាន​មួយ តម្លៃ​៦​រយ​បាត​(៦០០​បាត​) សម្រាប់​ខាង​ថៃ ហើយ​១​សែន​រៀល​(,០០,០០០​រៀល​)​សម្រាប់​អាជ្ញាធរ​ខាង​ខ្មែរ។ លោក​បន្ត​ថា ពលរដ្ឋ​អូស​រទេះ និង​អ្នក​រត់​រម៉ក​ទេសចរណ៍ ជួប​ទុក្ខ​លំបាក​ច្រើន ព្រោះ​ទីទ័ល​ក្រ​ពុំ​មាន​លទ្ធភាព​ទិញ​ឡាន​ដឹកទំនិញ ហើយ​សមត្ថកិច្ច​ច្រក​មិន​អនុញ្ញាត​ឱ្យ​រទេះ ឬ​ម៉ូតូ​កង់​បី​ចូល​ដូច​មុន​ទេ ។ លោក​លើកឡើង​ថា ពលរដ្ឋ​ដែល​មាន​ខ្សែ បក្សពួក​អ្នក​មាន​អំណាច​ទើប អាច​ទៅ​ដឹក​ទំនិញ​បាន ប៉ុន្តែ ពលរដ្ឋ​ធម្មតា​ដែល​មិន​ជាប់​ខ្សែ​មន្ត្រី​ប្រចាំការ​នៅ​ច្រក​ទ្វារ​ព្រំដែន​គឺ​មិន​អាច​ចូល​ទៅ​ដឹកទំនិញ​បាន​ឡើយ៖ «និយាយ​រួម​ទៅ​មុខរបរ​កាលពីមុន​ហ្នឹង កម្មករ​ធ្វើ​សម្រាប់​អូស​រទេះ រត់​កង់​បី​ឆ្លើយឆ្លង​ចូល​ច្រក​ខ្មែរ​នេះ គឺ​បិទ​អស់ហើយ ប៉ុន្តែ​នៅ​បាន​ប្រភេទ​ឡាន ឡាន​ដឹកទំនិញ​នៅ​ចេញចូល​បាន ។ ដូច​វា​អត់​ច្បាស់​ថា​គេ​បិទ​មិន​បិទ​ទេ ប៉ុន្តែ​គេ​អត់​ឱ្យ​យើង​ចូល ម៉ូតូ​កង់​បី រទេះរុញ​អី អត់​បានទេ ។ ឃើញ​តែ​គេ​ឱ្យ​ឡាន​ចូល ប៉ុន្តែ​អា​រឿង ដែល​ថា ឱ្យ​កង់​បី អោយ​រទេះរុញ​ដូច​អត់​លឺ​ដំណឹង​ផង ប្រហែលជា​គេ​បិទ​រហូត​អត់​ឱ្យ​ចូល​ហើយ​បង ព្រោះ​អាហ្នឹង​អត់​មាន​ចំណូល​ឱ្យ​គេ»

លោក ស៊ីត ប៊ុនសែន សំណូមពរ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ អន្តរាគមន៍​ទៅ​ខាង ថៃ អនុញ្ញាត​ឱ្យ​ពលរដ្ឋ​អូស​រទេះ និង​ម៉ូតូ​កង់​បី​ចូល​ដោះដូរ​ទំនិញ​ដូច​ពីមុន ដើម្បី​រក​ប្រាក់​ចំណូល​ដោះស្រាយ ជីវភាព​ប្រចាំថ្ងៃ​ពី​ភាព​ក្រីក្រ។

ទាក់ទង​នឹង​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង ប្រធាន​ទីស្នាក់ការ​ច្រក​ដូង​ឡែ​ម លោក ផាត់ វិរះ និង ប្រធាន​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​លោក អ៊ី ចំរើន ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃទី​១៨ កក្កដា ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល។

ចំណែក អភិបាល​ខេត្ត​បាត់ដំបង លោក សុខ លូ និង​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី វិទ្យុ​អាស៊ីសេរី​ក៏​មិន​អាច​ទាក់ទង​បាន​ដែរ។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោក ឌិន ពុទ្ធី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​ដែល​អាជ្ញាធរ​ប្រចាំការ​នៅ​ច្រកទ្វារ​ព្រំដែន ទារ​លុយ​ពី​កម្មករ​អូស​រទេះ និង​ការ​ជម្រិត​ទារប្រាក់​ពី​ពលរដ្ឋ ដោយ​គ្មាន​វិកយបត្រ​គឺជា​ការ​ប្រព្រឹត្ត​អំពើពុករលួយ និង​ជា​ទង្វើ​ខុសច្បាប់ ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​ចាត់​វិធានការ​ជា​បន្ទាន់ ។ លោក ឌិន ពុទ្ធី បញ្ជាក់​ថា កាល​មិន​ទាន់​មាន​វិបត្តិ​កូវីដ​១៩ កម្មករ​អូស​រទេះ​អាច​ធ្វើ​ការ​ដឹក​អីវ៉ាន់​ក្រោម​១០០​គីឡូក្រាម ដោយ​មិន​មាន​ការ​បង់ប្រាក់ ប៉ុន្តែ​ពេល​នេះ​ទំនិញ​មួយ​កេស​តូចៗ​ក៏​គយ​ចាប់​យក​បង់ពន្ធ​ដែរ គឺ​មិន​ទុក​ផ្លូវ​ឱ្យ​ពលរដ្ឋ​ក្រីក្រ​អាច​រស់​បាន​នោះ​ទេ ។ លោក​អះអាង​ថា ការ​មិន​ឱ្យ​កម្មករ​អូស​រទេះ​ចូល​ដឹកទំនិញ​វិញ និង​នាំ​មាន​ប៉ះពាល់​ពលរដ្ឋ​គ្មាន​ការងារ​ធ្វើ ចំណាកស្រុក និង​បង្កើន​នូវ​ភាព​ក្រីក្រ៖ «ការគាបសង្កត់​អីវ៉ាន់​បន្តិចបន្តួច​ហ្នឹង វា​ហាក់ដូចជា​ធ្វើ​ឱ្យ​ពលរដ្ឋ​ហ្នឹង លែង​រក​អ្វី​បាន បានតែ​អ្នកធំ អ្នកមាន អីវ៉ាន់​របស់​ឧកញ៉ា។ អា​ឡាន​ធំៗ​ដែល​ដឹក​មក​ហ្នឹង គឺ​សុទ្ធតែ​ជា​អីវ៉ាន់​របស់​ឧកញ៉ា របស់​អ្នកមាន​ភាគច្រើន ។ ហើយ​មួយទៀត វា​មាន​ក្រុមហ៊ុន​ផ្ដាច់មុខ​បង់ពន្ធ​អី រត់​បង់ពន្ធ​អីចឹង​ទៅ រស់​បានតែ​អ្នកធំ​អ្នក​មាន ដល់​ពេល​អ្នក​តូចតាច​គេ​លែង​ឱ្យ​រស់ ។ បញ្ហា​នេះ ចង់​និយាយ​ថា បើសិនជា​ដឹក​ត្រឹម​៤-៥ កេស ហើយ​ឱ្យ​គ្នា​ទៅ​បង់ពន្ធ​ដែរ ហើយ​ចាប់​អីវ៉ាន់​លើកដាក់​ឡាន ដាក់​អ៊ីចឹង អត់​ឱ្យ​ប្រជាពលរដ្ឋ​ហ្នឹង​រស់​បាន​តែម្តង បើ​យើង​និយាយ​ប្រៀបធៀប​វិញ សឹងតែ​រក​ចិញ្ចឹម​ឆ្នាំង​អ៊ីចឹង ។ រដ្ឋាភិបាល រដ្ឋ​ណា​ក៏​ដូច​រដ្ឋ​ណា​ដែរ គេ​ឱ្យ​រស់​ហើយ ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា​ដែរ គេ​អនុគ្រោះ​ហើយ​អា​តិចតួច​ហ្នឹង ។ វា​បាត់បង់​ប្រាក់​ចំណូល​ពន្ធ​បន្តិចបន្តួច​មែន ប៉ុន្តែ​អ្វី​ដែល​គាត់​រក​បាន​មក​ហ្នឹង យក​ទៅ​ទិញ​អីវ៉ាន់​នៅក្នុង​ទីផ្សារ បង់ពន្ធ​ឱ្យ​រដ្ឋ​ដដែលៗ​ហ្នឹង កាត់​ពន្ធ​តាម​ទំនិញ​តាម​អី​វិញ​ដដែល​ហ្នឹង ព្រោះ​ពលរដ្ឋ​យើង​រក​បាន​ទៅ កំណើន​សេដ្ឋកិច្ច​ក្នុងស្រុក​ក៏​កើនឡើង ដោយសារតែ​គាត់​រកលុយ​បាន​ហើយ​គាត់​ទៅ​ទិញ​អីវ៉ាន់ ឱ្យ​កូន​ទៅ​រៀន​សម្លៀកបំពាក់​អី​ផ្សេង»

សង្គម​ស៊ីវិល យល់​ឃើញ​ថា ការប្រព្រឹត្ត​អំពើពុករលួយ​របស់​មន្ត្រី​នគរបាល​អន្តោប្រវេសន៍ និង​គយ​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​ក្នុង​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ ក្រោម​រូបភាព​ជំរិត​ទារ​លុយ​នៅ​តាម​ច្រកព្រំដែន​នៅតែ​បន្ត​កើត​ឡើង ហើយ​សកម្មភាព​នេះ រឹត​តែ​មាន​ឥទ្ធិពល និង​គ្មាន​អាជ្ញាធរ​ណា​អើពើ ត្រួតពិនិត្យ និង​ចាត់វិធានការ​លើ​មន្ត្រី​ទាំងនោះ​បាន​​ឡើយ៕

Publié dans #NATIONAL

Repost0
Pour être informé des derniers articles, inscrivez vous :
Commenter cet article