អ្នក​វិភាគ​​ថា​ ការ​ផ្លាស់​ប្ដូរ​ តួនាទី​​ចៅ​​ក្រម​ មិន​​បាន​​ផ្ដល់​​យុត្តិធម៌​​ដល់​​ស្ថាប័ន​​តុលាការ​​ទេ​

Publié le 15 Mai 2021

អ្នក​វិភាគ​​ថា​ ការ​ផ្លាស់​ប្ដូរ​ តួនាទី​​ចៅ​​ក្រម​ មិន​​បាន​​ផ្ដល់​​យុត្តិធម៌​​ដល់​​ស្ថាប័ន​​តុលាការ​​ទេ​

អ្នក​​វិភាគ​​នយោបាយ​ និង​​មន្ត្រី​សង្គម​ស៊ីវិល​ បាន​លើក​ឡើង​ថា​ ការ​ផ្ទេរ​ និង​តែងតាំង​ ចៅក្រម​ គ្រាន់​តែ​ជា​របៀប​នៃ​ការ​ផ្លាស់ប្ដូរ​ កន្លែង​អង្គុយ​តែ​ប៉ុណ្ណោះ​ ហើយ​អំពើ​​អយុត្តិធម៌​ នៅ​តែ​បន្ត​កើត​មាន​នៅ​ក្នុង​ស្ថាប័ន​តុលាការ​ដដែល។​

អ្នក​វិភាគ​នយោបាយ​ ដែល​កំពុង​រស់នៅ​និទ្ទេស​ក្នុង​ប្រទេស​ហ្វាំងឡង់ ( Finland) លោក​ គឹម សុខ​ បញ្ជាក់​ថា​ បើ​ទោះ​បី​ជា​មាន​ការ​ផ្ទេរ និង​តែងតាំង​ចៅក្រម​ ពី​កន្លែង​​មួយ​ ទៅ​កន្លែង​​មួយ​ ក៏​មិន​អាច​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​រងគ្រោះ​បាន​ដែរ​ ពី​ព្រោះ​អំណាច​ទាំង​អស់ ​គឺ​នៅ​លើ​លោក​ ហ៊ុន សែន​។

លោក​បន្ថែម​ថា​ នៅ​ប្រទេស​កម្ពុជា​ នៅ​ពេល​ដែល​ពលរដ្ឋ​ជួប​រឿង​អយុត្តិធម៌​ តែងតែ​សុំ​ជំនួយ​អន្តរាគមន៍​ពី​លោក​ ហ៊ុន សែន គឺ​មាន​ន័យ​ថា​ ប្រព័ន្ធ​យុត្តិធម៌​ជាតិ​ទាំង​មូល​ស្ថិត​នៅ​ក្នុង​កណ្ដាប់ដៃ​លោក​ ហ៊ុន សែន​​ ដូច្នេះ​បើ​ទោះបី​ជា​មាន​ការ​ផ្លាស់ប្ដូរ​ចៅ​ក្រម​ និង​ប្រធាន​តុលាការ​ ក៏​គ្មាន​ន័យ​អ្វី​ដែរ​៖ «ពីព្រោះ​​ មេដឹកនាំ​​រដ្ឋ​កំពូល​ ដែល​​មាន​តួនាទី​ជា​នាយករដ្ឋមន្ត្រី​ ឡើង​ទៅ​កាន់​តំណែង​ដែល​ជា​ការ​រំលោភ​ច្បាប់​រដ្ឋធម្មនុញ្ញ​ ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ​ គឺ​ឡើង​ទៅ​កាន់​តំណែង​ ដោយ​អំពើ​អយុត្តិធម៌​ធ្ងន់ធ្ងរ​។ ដូច្នេះ​ រាល់​ការ​តែងតាំង​ នៅ​ក្នុង​ស្ថាប័ន​ជាតិ​ទាំង​អស់​នៅ​ក្នុង​ស្ថាប័ន​តុលាការ​ មាន​ចៅក្រម​​ ព្រះរាជអាជ្ញា​ ជា​ដើម​នេះ​ គ្រាន់​តែ​ជា​ការ​ពង្រឹង​ អំណាច​បក្ស​ពួក​របស់​ខ្លួន​ ​នៅ​ក្នុង​​អង្គការ​តុលាការ​ប៉ុណ្ណឹង​ទេ»។

ព្រះ​មហាក្សត្រ​ សម្ដេចព្រះ​ បរមនាថ​ នរោត្តម​ សីហមុនី​ កាល​ពី​ថ្ងៃទី​១៣​ ខែឧសភា​ ចេញ​ព្រះរាជក្រឹត្យ​ ផ្ទេរ​ និង​តែងតាំង ចៅក្រម​ និង​ប្រធាន​តុលាការ​ចំនួន​ ៨៩​ រូប​ ពី​​ក្រុង​ភ្នំពេញ​ឱ្យ​ទៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ និង​ពី​តាម​បណ្ដា​ខេត្ត​​មក​ទីក្រុង​ភ្នំពេញ​វិញ។​

​នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ នៃ​អង្គការ​លីកាដូ​​លោក​ អំ សំអាត​ មាន​ប្រសាសន៍​ថា​ ក្រសួង​យុត្តិធម៌​ ជា​រៀងរាល់​ឆ្នាំ​ តែងតែ​ផ្លាស់ប្ដូរ​ចៅក្រម​ និង​​ប្រធាន​​តុលាការ​ ពី​កន្លែង​មួយ​ ទៅ​កន្លែង​មួយ។ ប៉ុន្តែ​អ្វី​ដែល​ពលរដ្ឋ​ចង់​ឃើញ​ គឺ​ក្រសួង​យុត្តិធម៌​ ត្រូវ​ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​ប្រព័ន្ធ​យុត្តិធម៌​ឯករាជ្យ​ និង​​មិន​​លម្អៀង​ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ទុក​ចិត្ត​៖ «ដូច​​បច្ចុប្បន្ន​ យើង​ឃើញ​ថា​ នៅ​តាម​បណ្ដាញ​សង្គម​ខ្លះ​ ប្រជាពលរដ្ឋ​ទៅ​ដើរ​តួនាទី​ជា​តុលាការ​ទៅវិញ​។​ អាហ្នឹង​​យើង​​មើល​​ឃើញហើយ​​ដោយសារ​តែ​ប្រព័ន្ធ​យុត្តិធម៌​របៀប​ម៉េច​ បាន​ទៅ​ជា​ពលរដ្ឋ​ដើរ​តួនាទី​ជំនួស​តុលាការ​ទៅវិញ​។​ អី​ចឹង​ ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រព័ន្ធ​តុលាការ​ឯករាជ្យ​​ ធានា​ការ​ផ្ដល់​យុត្តិធម៌​ ដល់​ពលរដ្ឋ​គ្រប់រូប​ នៅ​ក្នុង​សង្គម»។

អាស៊ីសេរី​មិន​អាច​ទាក់​ទង​អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌​លោក​ ជិន ម៉ាលីន​ បាន​ទេ​ដោយ​ទូរស័ព្ទ​មិន​មាន​អ្នក​ទទួល។

ព្រះមហាក្សត្រ​កាលពី​ខែ​កក្កដា​ ឆ្នាំ​២០២០​ បាន​ប្រកាស​តែងតាំង​ចៅក្រម​ថ្មី​ចំនួន ៣៩ រូប ដើម្បី​បំពេញ​ការងារ​នៅ​តាម​សាលាដំបូង​ខេត្ត​ចំនួន ២០ និង​ព្រះរាជអាជ្ញា​ចំនួន​ ១៥ ​រូប ដើម្បី​ទៅ​បំពេញ​ការងារ​នៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចំនួន ១៤​។

ក្នុង​ចំណោម ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ថ្មី​ទាំងអស់​មាន​សិទ្ធិ​ទទួល​ប្រាក់បៀវត្សរ៍​មូលដ្ឋាន និង​ប្រាក់ឧបត្ថម្ភ​ផ្សេងទៀត​តាមច្បាប់​កំណត់​។ ពួកគាត់​ក៏​នឹង​ទទួល​បាន​​នូវ​សិទ្ធិ​ទទួល​ប្រាក់ឧបត្ថម្ភ​ផ្សេងៗ​ និង​សិទ្ធិ​ឡើង​​ឋានន្តរសក្ដិ ឬ​ឡើង​ឋានៈ​ដោយ​ត្រូវ​បាន​គិត​ចាប់ពី​ខែ​ឧសភា ឆ្នាំ​២០២០​ នេះ​តទៅ​។

ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ ធ្លាប់​បាន​ទទួល​រង​ការ​រិះ​គន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ ចំពោះ​អំពើ​ពុករលួយ​ មាន​ភាព​លម្អៀង​ទៅ​រក​បក្ស​កាន់​អំណាច​​ និង​មិន​​បាន​​ផ្ដល់​យុត្តិធម៌​ចំពោះ​ជនរងគ្រោះ​ជា​ពិសេស​ សកម្មជន​សិទ្ធិមនុស្ស​ និង​សកម្មជន​នយោបាយ ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​​ជា​ដើម៕​

Publié dans #NATIONAL

Repost0
Pour être informé des derniers articles, inscrivez vous :
Commenter cet article