អ.ស.ប. អះអាង​ថា លោកម៉ាឌូរ៉ូ និង​មន្ត្រី​ជំនិត​ អាច​ជា​អ្នក​បញ្ជា​​អំពើ​​ឧក្រិដ្ឋ​​​ប្រឆាំង​​មនុស្សជាតិ

Publié le 17 Septembre 2020

អ.ស.ប. អះអាង​ថា លោកម៉ាឌូរ៉ូ និង​មន្ត្រី​ជំនិត​ អាច​ជា​អ្នក​បញ្ជា​​អំពើ​​ឧក្រិដ្ឋ​​​ប្រឆាំង​​មនុស្សជាតិ

16/09/2020 - 16:55

ម៉ម ពិសី

 

ក្រុមការងារស៊ើបអង្កេត របស់អង្គការសហប្រជាជាតិ បានចេញរបាយការណ៍មួយ កាលពី​ថ្ងៃទី​១៦កញ្ញា ទាក់ទិននឹង​អំពើឧក្រិដ្ឋ ប្រព្រឹត្តដោយរបបដឹកនាំផ្តាច់ការ វ៉េណេស៊ុយអេឡា។ យោងតាមការសន្និដ្ឋាន​របស់អ្នកអង្កេត លោកប្រធានាធិបតី នីកូឡា ម៉ាឌូរ៉ូ ព្រមទាំងមន្ត្រីជំនិតមួយចំនួន អាចជាអ្នកបញ្ជា ឲ្យ​មានការធ្វើ​អំពើឧក្រិដ្ឋប្រឆាំងមនុស្សជាតិ តាមរយៈការ​ធ្វើទារុណកម្ម សម្លាប់មនុស្ស យ៉ាងហោច៥០០០នាក់ ក្រៅប្រព័ន្ធច្បាប់។ របាយការណ៍នេះ បានអំពាវនាវ ឲ្យ​តុលាការព្រហ្មទណ្ឌអន្តរជាតិ ត្រូវពិចារណា បើកការស៊ើបអង្កេត និង ស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ​។

យោងតាមសេចក្តីសន្និដ្ឋាន​ របស់របាយការណ៍កម្រាស់ ៤១១ទំព័រ នៃអ្នកជំនាញអង្គការសហប្រជាជាតិ គឺ លោកប្រធានាធិបតី​វ៉េណេស៊ុយអេឡា នីកូឡា ម៉ាឌូរ៉ូ ព្រមទាំងរដ្ឋមន្ត្រីសំខាន់ៗ ដូចជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង រដ្ឋមន្ត្រីក្រសួង​ការពារជាតិ គឺអាចជាអ្នកបញ្ជា ឲ្យមានអំពើឧក្រិដ្ឋ ប្រឆាំងមនុស្សជាតិ។

ថ្វីបើមិនបាន​ចូលទៅស៊ើបអង្កេត ដោយផ្ទាល់ ដល់ក្នុងប្រទេសវ៉េណេស៊ុយអេឡា តែក្រុមស៊ើបអង្កេត បានផ្អែកលើ ការសម្ភាសន៍សួរនាំពីចំងាយ​ ចំនួន​២៧៤ករណី ជាមួយ​ជនរងគ្រោះផ្ទាល់ ជាមួយសាក្សី ព្រមទាំងអតី​តមន្ត្រីទទួលខុសត្រូវ និងបាន​ធ្វើការវិភាគ លើឯកសារសម្ងាត់ផ្លូវការ រួមទាំង​ឯកសារ របស់​តុលាការវ៉េណេស៊ុយអេឡាផងដែរ​។ ជាសរុប គិតចាប់ពីឆ្នាំ​២០១៤ គឺមានករណីអំពើឧក្រិដ្ឋចំនួន​ ប្រមាណ​២៤០០ករណី ដែលក្នុងនោះ អាជ្ញាធរ សមត្ថកិច្ចរដ្ឋាភិបាល​វ៉េណេស៊ុយអេឡា បាន​សម្លាប់ជីវិតមនុស្ស​ប្រមាណ​៥០០០នាក់ ក្រៅប្រព័ន្ធច្បាប់។ ជាងពាក់កណ្តាល នៃអំពើមនុស្សឃាតទាំងនោះ គឺអាចជាស្នាដៃ របស់កងកម្លាំងប្រតិបត្តិការពិសេស និងនគរបាលជាតិវ៉េណេស៊ុយអេឡា។

លោកស្រី Marta Valinas ប្រធានក្រុមស៊ើបអង្កេតនេះ បានអះអាងថា អំពើឧក្រិដ្ឋទាំងនោះ មានជាអាទិ៍ ការធ្វើទារុណកម្មដោយស្វ័យប្រវត្តិ ការគម្រាម និងការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់។ ការធ្វើទារុណកម្ម មានច្រើនសណ្ឋាន ដូចជាការរំលោភសេពសន្ទវៈ ការវាយដំរាងកាយ ការចាប់ជ្រមុជទឹក ការឆក់ខ្សែភ្លើង ជាដើម។

លោកស្រីបន្ថែមថា អំពើឧក្រិដ្ឋទាំងនេះ គឺមិនអាចចាត់ទុកថា សុទ្ធតែជាអំពើ មិនគោរព ធ្វើដោយចិត្តឯង ឬដោយជ្រុលដៃ​ របស់សមត្ថកិច្ចវ៉េណេស៊ុយអេឡា​ ដែលជាជនដៃដល់នោះទេ។ ផ្ទុយទៅវិញ រាល់សកម្មភាពទាំងនេះ គឺសុទ្ធតែបានទទួលការបញ្ជា និងតាមដានពីថ្នាក់លើ ដែល​ជា​មន្ត្រីធំៗរបស់រដ្ឋាភិបាល​លោកម៉ាឌូរ៉ូ ក្នុងគោលដៅ បំបិតមាត់ ឬសម្លាប់អ្នកដែលប្រឆាំងនឹងរបបនេះ ក្រោមរូបភាពជាការ​បង្ក្រាបអំពើឧក្រិដ្ឋធម្មតា។

 

ក្រុមស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ បានអំពាវនាវ ឲ្យ​អាជ្ញាធរវ៉េណេស៊ុយអេឡា ត្រូវតែ​បើកការស៊ើបអង្កេត  ដោយឯករាជ្យ មិនលំអៀង និងដោយតម្លាភាព ទាក់ទិននឹងករណីទារុណកម្ម និងអំពើមនុស្សឃាតទាំងអស់នេះ។ អ្នកជំនាញ ក៏បានប្រាប់ទៅ តុលាការព្រហ្មទណ្ឌអន្តរជាតិ ក្រុងឡាអេ ត្រូវតែចាប់ផ្តើមពិចារណា ស៊ើបអង្កេត និងចោទប្រកាន់ទៅលើអ្នកទទួលខុសត្រូវ ចំពោះអំពើឧក្រិដ្ឋទាំងអស់នេះ៕

Publié dans #INTERNATIONAL

Repost0
Pour être informé des derniers articles, inscrivez vous :
Commenter cet article