ក្រុម​ស្ត្រី​ធ្វើ​ការ​ផ្នែក​សេវា​កម្សាន្ត​ស្នើ​ប្រាក ៤០​ដុល្លារ​ពី​រដ្ឋ​ក្រោយ​អត់​ការងារ​ដោយសារ​ជំងឺ​​កូវីដ

Publié le 31 Mai 2020

អនុប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ​សេវាកម្ម​កម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៧។ RFA

អនុប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ​សេវាកម្ម​កម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៧។ RFA

ដោយ សុជីវី RFA 2020-05-30

ក្រុម​ស្ត្រី​ជា​កម្មករ​ក្នុង​ផ្នែក​សេវាកម្ម​កម្សាន្ត​ជិត ១០០​នាក់​ស្នើ​ទៅ​រដ្ឋាភិបាល​ឱ្យ​ជួយ​ដោះស្រាយ​បញ្ហា​ខ្វះខាត​ក្នុង​ជីវភាព​រស់​ប្រចាំ​ថ្ងៃ ក្រោយ​ពួកគាត់​បាត់បង់​ការងារ​ទាំង​ស្រុង​ដោយសារតែ​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩។ តំណាង​សហជីព​ថា រដ្ឋាភិបាល​ពុំបាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​បាត់បង់​ការងារ​របស់​អ្នក​ធ្វើការ​ក្នុង​ផ្នែក​ទាំង​នេះ​ឡើយ ដែល​ធ្វើ​ឱ្យ​ពួកគាត់​ជួប​ការ​លំបាក​ខ្លាំង ដោយ​អ្នកខ្លះ​ធ្លាក់ខ្លួន​រើស​អេតចាយ ដើម្បី​ផ្គត់ផ្គង់​ការ​ហូបចុក​ប្រចាំថ្ងៃ។

ក្រុម​ស្ត្រី​អ្នក​ធ្វើការងារ​ក្នុង​ផ្នែក​សេវាកម្ម​កម្សាន្ត​ស្នើសុំ​រដ្ឋាភិបាល​ផ្ដល់​ប្រាក់​ចំនួន​៤០​ដុល្លារ ជួយ​ដោះស្រាយ​បញ្ហា​ជីវភាព គឺ​ធ្វើ​យ៉ាងណា​ត្រឹមតែ​អាច​ឱ្យ​ពួកគាត់​មាន​អាហារ​ហូបចុក កុំ​ឱ្យ​វេទនា​ដូច​ពេល​បច្ចុប្បន្ន។លោកស្រី ម៉ង់ សាអែម ដែល​កំពុង​មាន​កូន​តូច​ក្នុង​បន្ទុក​និយាយ​ថា ជីវភាព​គ្រួសារ​នៅ​​​​ពេល​នេះ​ដុនដាប​ខ្លាំង ដោយសារតែ​នាង​គ្មាន​ចំណូល គឺ​មានតែ​ចំណាយ​។ ចំណាយ​ទាំងនោះ​គឺ​មាន​ទាំង​ថ្លៃ​ជួល​បន្ទប់ ថ្លៃ​ទឹកដោះគោ​កូន​តូច សង​បំណុល និង​ទិញ​អាហារ​ហូបចុក​ប្រចាំថ្ងៃ​។ សា​អែម​រម្លឹក​ថា នៅ​ពេល​នាង​មាន​ការងារ​ធ្វើ​នៅ​ហាង​ខារ៉ាអូខេ Best Star នោះ​នាង​មាន​ចំណូល​គ្រប់គ្រាន់ ដើម្បី​ផ្គត់ផ្គង់​ចំណាយ​មិន​ពិបាក​ដូច​ពេលនេះ​ទេ៖ «កូន​តូច​ហ្នឹង​ម៉ា​ខួប​មិន​ទាន់​បាន​កន្លះ​ទេ​ ទើប​ម៉ា​ខួប​២​ខែ អ៊ីចឹង​ត្រូវ​ចំណាយ​ពេល​បាន​ម៉ោ​មាន​ទឹក ភ្លើង ចាយ​ផង ហើយ កូន ហើយ​មិន​ដឹង​រក​អី​ផង មានតែ​នៅផ្ទះ»

ស្ត្រី​វ័យ​៥០​ឆ្នាំ​ប្លាយ នួន យ៉ម ដែល​ធ្លាប់​ធ្វើជា​អ្នក​សំអាត​នៅ​ហាង​ខារ៉ាអូខេ​សំរិទ្ធិពេជ្រ ឱ្យដឹង​ថា ពេលនេះ​លោកស្រី​ត្រូវ​ស៊ីឈ្នួល​លាងចាន និង​បោស​ជូត​នៅ​តាម​ផ្ទះ ប៉ុន្តែ​ការងារ​នេះ​មានតែ​ម្ដងម្កាល​ប៉ុណ្ណោះ ក្រៅពី​នេះ​លោកស្រី​ត្រូវ​ដើរ​រើស​អេតចាយ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​។ លោកស្រី​ថា ពេល​នេះ​មាន​ប្រាក់ចំណូល​តិចតួច ប៉ុន្តែ​ការចំណាយ​នៅ​ដដែល គឺ​លោកស្រី​ត្រូវ​រ៉ាប​រង​ចិញ្ចឹម​កូន និង​ប្ដី ដែល​កំពុង​មាន​ជំងឺ​ទឹកនោមផ្អែម៖ «ខ្វល់​ខ្លាំង​ខ្លាច​អត់​លុយ​ប្ដី​ឈឺ​អ៊ីចឹង ខ្លាច​អត់​លុយ​ទិញ​ថ្នាំ​ឱ្យ​ប្ដី​អ៊ីចឹង ហើយ​ហូបចុក​ទិញ​អង្ករ ទិញ​អីចឹង​។ ទិញ​ម្ហូប​តាម​អត់​ជួនកាល​អស់​ម៉ា​ម៉ឺន​ម្ហូប​ជួនកាល ស្រេច​តែ​វា​អត់​ហើយ តាម​អត់លុយ ជួនកាល​ចិញ្ច្រាំ​ប្រហុក​ទៅ​ទិញ​ត្រី​អី​តិចតួច អ៊ីចឹង​ហូប​ទៅ​។ អត់​ហ៊ាន​ចាយ​ធំ​យើង​រក​អត់​បាន រិះ​ថាំ​ដែរ​ហ្នឹង​តែ​ថ្នាំ​គាត់​ត្រូវ​ទិញ​ចាក់​រាល់​ខែ​រហូត​។ ខ្ញុំ​ចង់​ថា​ឱ្យ​រដ្ឋា​គាត់​ជួយ​ខ្លះ​ថវិកា​គ្រាន់​ទិញ​ហូបចុក»។

មិន​ខុសគ្នា​នេះ​ដែរ ស្ត្រី​មេម៉ាយ ឡាច សុខខៃ ឱ្យ​ដឹង​ដែរ​ថា កាលដែល​លោកស្រី​នៅ​មាន​ការងារ​ធ្វើ​នៅ​ហាង​ម៉ាស្សា បើ​ទោះ​ជា​ចំណូល​មិន​ច្រើន​ប៉ុន្មាន តែ​អាច​រស់​បាន មិន​វេទនា​ពេក​ទេ។ លោកស្រី​ត្រូវ​ស៊ីឈ្នួល​បក​ខ្ទឹម ដែល​អាច​រក​បាន​ប្រមាណ​៥០០០​រៀល​ក្នុង​មួយថ្ងៃ។ លោកស្រី​ត្រូវ​ចាយវាយ​ត្បិតត្បៀត ដើម្បី​សន្សំទុក​បង់ថ្លៃ​បន្ទប់​ជួល ដោយ​បង់​រំលួស​ឱ្យ​ម្ចាស់ផ្ទះ​ក្នុង​១​ថ្ងៃ ៣០០០​រៀល។ ចំណែក​កូន ២​នាក់ របស់​លោក​ស្រី​ក៏​ជួយ​រក​ចំណូល​ដោយ​ដើរ​រើស​សំបក​កំប៉ុង​លក់​ដែរ។ លោកស្រី​អំពាវនាវ​រក​ជំនួយ​ពី​រដ្ឋាភិបាល សុំ​ត្រឹម​បាន​ហូបចុក​សមរម្យ ក្នុង​ពេល​លោកស្រី កំពុង​រង់ចាំ​ចូល​ធ្វើ​ការងារ​វិញ​នៅ​ពេល​ណា ដែល​រដ្ឋាភិបាល​បើក​ឱ្យ​មាន​ការងារ​ឡើងវិញ៖ «មួយ​ខែ​៥០ ប៉ុន្តែ​យើង​សុំ​គេ​បង់​រំ​លួស​អី​ខ្លះ ៣​ពាន់ៗ​អ៊ីចឹង​ទៅ ម៉ា​ខែ​ហ្នឹង បើ​ទឹក​អស់​ជិត​២​ម៉ឺន ភ្លើង​អស់​ជិត​២​ម៉ឺន ទៅ​ខ្ចី​គេ​ខ្លះ​អ៊ីចឹង​ទៅ​។ អ្នកជិតខាង​អ៊ីចឹង​ដែរ គេ​ចេះ​តា​ឱ្យ​ខ្ចី ឃើញ​អត់​គេ​ចេះតែ​ហុច​អី​លិច​កើត​ឱ្យ​។ ជួនកាល​ដូច្នេះ​ហ្នឹង អត់​ដាំ​តា​បាយ​ទៅ មាន​កូន​ត្រី ២​ចៀន ទៅ​ចែក​គ្នា​អ៊ីចឹង​ទៅ ថ្ងៃ​ខ្លះ​អត់​ខ្លាំង​ពង​ទារ​មួយ​គ្រាប់​។ កូន​ពីរ​នាក់​វា​ចេះតែ​នៅ​បេះ​បោះ​នៅ​ក្បែរ​ហ្នឹង។ កូន​ខ្ញុំ​ជាង ១០​ឆ្នាំ នោះ​ជួយ​ទៅ​រើស​អេតចាយ​យក​មក​ផ្សំ​ហូប​លិច​ហូប​កើត»។

ក្រុម​អ្នក​ធ្វើការ​នៅ​ក្នុង​វិស័យ​សេវាកម្ម​កម្សាន្ត​ចំនួន​ជិត ១០០​នាក់ ដែល​រួមមាន​អ្នកធ្វើការ​នៅ​តាម​ហាង​ខារ៉ាអូខេ ហាង​ម៉ាស្សា និង​ស្ប៉ា ជាដើម​បាន​នាំ​គ្នា​ផ្តិត​មេដៃ ដាក់​ញត្តិ​ទៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា​។ ពួកគេ​ទទូច​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​ការ​គាំពារ​បន្ទាន់​ដល់​ពួកគេ ដែល​កំពុង​រង​ផល​ប៉ះពាល់​ជីវភាព​ដោយសារតែ​រដ្ឋាភិបាល​បាន​ប្រកាស​បិទ​សេវាកម្ម​ផ្នែក​ខារ៉ាអូខេ និង​ភាពយន្ត​នៅ​ទូទាំង​ប្រទេស​។ ពួកគេ​បាន​លោក​ឡើង​នូវ​ចំណុច​សំខាន់​ចំនួន​២ គឺ​ស្នើសុំ​ឱ្យ​ជួយ​បន្ធូរបន្ថយ​ថ្លៃឈ្នួល​ផ្ទះ​ពាក់កណ្ដាល និង​ឧបត្ថម្ភ​ប្រាក់​ចំនួន ៤០​ដុល្លារ​សម្រាប់​ការ​ផ្គត់ផ្គង់​ចំណាយ​លើ​ម្ហូបអាហារ​ប្រចាំថ្ងៃ ដែល​អាច​ឱ្យ​ពួកគេ​អាច​តស៊ូ​បាន​ត​ទៀត​រង់ចាំ ដល់​ថ្ងៃ​រដ្ឋាភិបាល​បើក​ឱ្យ​ពួកគាត់​បាន​ធ្វើ​ការ​ឡើង​វិញ។

ក្រុម​ស្ត្រី​ដែល​អាស៊ីសេរី​បាន​សម្ភាស​លើកឡើង​ដូចៗ​គ្នា​ថា ពួកគេ​ចង់​បាន​ការងារ​ធ្វើ​ឡើងវិញ​ប្រសើរ​ជាជាង​ហារ​មាត់​សុំ​ជំនួយ​ពី​រដ្ឋាភិបាល​បែបនេះ៖ «ពិបាក​មែនទែន​ជីវភាព​លុយកាក់ ដល់​អត់​ការងារ​ធ្វើ​អ៊ីចឹង។ ចង់​ឱ្យ​ជួយ​ថវិកា​តិចតួច​អ៊ីចឹង​ទៅ​ណាស់​។ បើ​គេ​បើក​ការងារ​វិញ​ចូល​ធ្វើ​វិញ​ទៅ​។ សុំ​តែ​ជួយ​ម៉ា​រយៈ​ក៏​បាន​ដែរ ទម្រាំ​តែ​ការងារ​វា​ដំណើរការ​ឡើងវិញ ខ្ញុំ​ចូល​ធ្វើ​ការ​វិញ​ប្រហែល​អាច​សម្រួល​បាន​បន្តិច​។ ទោះ​ឥឡូវ​ខ្ញុំ​ទៅ​រក​ការងារ​ផ្សេងទៀត​ក៏​គេ​អត់​មាន​រើស​អ៊ីចឹង​ណា​បង​។ ថា​ខ្វះខាត​ទ័ល​ហើយ​បង បាន​យើង​សុំ​ឱ្យ​ជួយ​អ៊ីចឹង​ណា​បង​។ ពិបាក​ខ្លាំង​គឺ​អត់​ហូប​នឹង​ហ្មង អ៊ីចឹង​ជា​បឋម​នឹង​សុំ​ឱ្យ​ជួយ​សិន​អ៊ីចឹង ទៅដល់​ពេល​មាន​ការងារ​ធ្វើ​យើង​ក៏​បក​ទៅ​កន្លែង​ការងារ​វិញ»។

បើ​ទោះ​ជា​យ៉ាងណា​តំណាង​សហជីព​កម្មករ​ក្នុង​វិស័យ​នេះ​នៅតែ​មើល​ឃើញ​ថា បញ្ហា​ជួប​ការ​លំបាក​របស់​ពួកគេ​នេះ​គឺជា​ការ​ទទួលខុសត្រូវ​របស់​រដ្ឋាភិបាល។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម អ្នកស្រី អ៊ូ ទេពផល្លីន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​បាន​ខកខាន​ក្នុង​ការ​យកចិត្តទុកដាក់​ដល់​ក្រុម​អ្នកធ្វើការ​ក្នុង​ផ្នែក​សេវាកម្ម​កម្សាន្ត នៅ​ពេល​ដែល​ជីវភាព​រស់នៅ​របស់​ពួកគាត់​ជួប​ការ​លំបាក​រួចស្រេច​ទៅ​ហើយ តាំង​ពី​មុន​មាន​វិបត្តិ​ជំងឺ​កូវីដ-១៩ រួច​ទៅ​ហើយ​នោះ៖ «ដល់ពេល​និយាយ​រឿង​ឱ្យ​បិទ​គឺ​បិទ តែ​ដល់ពេល​អត់​មាន​គិត​ពី​រឿង​ចុះ​ពួកគាត់​ពេល​មាន​បញ្ហា អត់​ការងារ​ធ្វើ អត់​ប្រាក់់​ចំណូល​អ៊ីចឹង? គិតតែ​រឿង​កូវីដ តើ​ពួកគាត់​មាន​បញ្ហា​អី​នៅ​ពេល ដែល​គាត់​អត់​មាន​ប្រាក់ចំណូល តើ​គាត់​អាច​រស់​អី​បាន​? រដ្ឋាភិបាល​ត្រូវ​គិត​គូ​ដល់​ជីវភាព​របស់​ពលរដ្ឋ បាន​ន័យ​ថា ដៃ​ម្ខាង​ទប់​ការពារ​រឿង​កូវីដ ដៃ​ម្ខាង​ទៀត​ត្រូវ​ជួយ​គាំទ្រ​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន​ឱ្យ​ចៀស​ផុត​ពី​ភាព​អត់​ឃ្លាន»។

រដ្ឋាភិបាល លោក ហ៊ុន សែន បាន​សម្រេច​ភ្លាមៗ​បិទទ្វារ​សេវាកម្ម​ផ្នែក​ខារ៉ាអូខេ និង​ភាពយន្ត​កាលពី​ថ្ងៃ​ទី​១៧ ខែ​មីនា ក្នុង​ហេតុផល​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩។ សហជីព​ថា ការ​បិទទ្វារ​វិស័យ​នេះ​ធ្វើ​ឱ្យ​កម្មករ​ជាង ៤​ម៉ឺន​នាក់ បាត់បង់​ការងារ ដែល​អ្នក​ទាំងនោះ​ក៏​មាន​បន្ទុក​ចិញ្ចឹម​សមាជិក​គ្រួសារ​ពួកគេ ដែល​មាន​ចំនួន​រាប់​ម៉ឺន​នាក់​ផ្សេងទៀត។

អាស៊ីសេរី​នៅ​មិនទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​នៅ​ឡើយ​ទេ។

ចំណែក​អ្នកនាំពាក្យ​ក្រសួង​កិច្ចការ​នារី អ្នកស្រី ម៉ាន់ ចិន្ដា ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា រដ្ឋាភិបាល​ផ្តោត​ទៅ​លើ​ការ​ទប់ស្កាត់​ជំងឺឆ្លង​រាលដាល​ជា​សកល​កូវីដ-១៩ ហើយ​ដំណោះស្រាយ​បញ្ហា​ផល​ប៉ះពាល់​រដ្ឋាភិបាល​បាន​ដោះស្រាយ​បណ្ដើរៗ​លើ​បញ្ហា​មួយ​ចំនួន និង​កំពុង​ពិចារណា​​ដោះស្រាយ​លើ​បញ្ហា​ផ្សេងៗ​ទៀត។

ប៉ុន្តែ​បើ​តាម​ការប្រកាស​របស់​រដ្ឋាភិបាល​ពេលនេះ​រដ្ឋាភិបាល​កំពុង​ដោះស្រាយ​បញ្ហា​ទៅដល់​ជុំ​ទី​៤​ហើយ​ចំពោះ​ផល​ប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូវីដ-១៩ នៅ​ក្នុង​ផ្នែក​មួយ​ចំនួន​រួមមាន​ផល​ប៉ះពាល់​ទៅលើ​កម្មករ​នៅ​ក្នុង​ផ្នែក​រោងចក្រ​កាត់ដេរ វិស័យ​ទេសចរណ៍ ពលរដ្ឋ​ក្រីក្រ អ្នក​ងាយ​រងគ្រោះ និង​ការ​កែ​សម្រួល​កម្ចី​របស់​ពលរដ្ឋ ដែល​ជំពាក់​បំណុល​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជាដើម​។ ក្នុង​នោះ​រដ្ឋាភិបាល​សន្យា​ថា ផ្ដល់​ប្រាក់​៤០​ដុល្លារ ដល់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍។

នៅ​ក្នុង​ញត្តិ​ដែល​ដាក់​ទៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នោះ​ក្រុម​កម្មករ​ក្នុង​ផ្នែក​សេវាកម្ម​កម្សាន្ត​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​យកចិត្តទុកដាក់​ដល់​ពួកគេ​ដូច​កម្មករ​នៅ​ក្នុង​វិស័យ​ផ្សេងទៀត​ដែរ៕

Publié dans #NATIONAL

Repost0
Pour être informé des derniers articles, inscrivez vous :
Commenter cet article