អាជ្ញាធរ​ថៃ​ត្រៀម​កម្លាំង​នៅ​ខាង​ដី​ថៃ​ទប់​ទល់​ក្រុម​ពលរដ្ឋ​ខ្មែរ​តវ៉ា​បើក​ច្រក​ទ្វារ​ព្រំដែន​ប៉ោយប៉ែត

Publié le 31 Mai 2020

ទាហាន​ឈុត​ខ្មៅ​ថៃ​នៅ​តំបន់​ព្រំដែន​ស្រុក​អារញ្ញ ជាប់​ក្រុង​ប៉ោយប៉ែត កាល​ពី​ថ្ងៃ​ទី២៨ ឧសភា បង្ហាញ​ការ​ត្រៀម​កម្លាំង ដើម្បី​ទប់​ស្កាត់​ពលរដ្ឋ​ខ្មែរ ដែល​គ្រោង​ធ្វើ​បាតុកម្ម​ទាមទារ​អាជ្ញាធរ​ប្រទេស​ទាំង​ពីរ​ឱ្យ​បើក​ព្រំដែន​ឡើង​វិញ។ រូប៖ ទំព័រ​ព័ត៌មាន Kaoded77

ទាហាន​ឈុត​ខ្មៅ​ថៃ​នៅ​តំបន់​ព្រំដែន​ស្រុក​អារញ្ញ ជាប់​ក្រុង​ប៉ោយប៉ែត កាល​ពី​ថ្ងៃ​ទី២៨ ឧសភា បង្ហាញ​ការ​ត្រៀម​កម្លាំង ដើម្បី​ទប់​ស្កាត់​ពលរដ្ឋ​ខ្មែរ ដែល​គ្រោង​ធ្វើ​បាតុកម្ម​ទាមទារ​អាជ្ញាធរ​ប្រទេស​ទាំង​ពីរ​ឱ្យ​បើក​ព្រំដែន​ឡើង​វិញ។ រូប៖ ទំព័រ​ព័ត៌មាន Kaoded77

ដោយ ហេង រស្មី RFA 2020-05-29

ទាហាន​ឈុត​ខ្មៅ​របស់​ថៃ​រាប់​រយ​នាក់​មាន​បំពាក់​អាវក្រោះ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​នៅ​ខាង​ព្រំដែន​ស្រុក​អារញ្ញ។

កាសែត​ថៃ (ខាវ​ដេត 77 Kaoded77) ចុះ​ផ្សាយ​កាល​ពី​រសៀល​ថ្ងៃ​ទី២៨ ឧសភា​ថា មេ​បញ្ជា​ការ​​ទាហាន​ឈុត​ខ្មៅ​របស់​ថៃ​ប្រចាំ​ខេត្ត​ស្រះ​កែវ លោក ថះរាភុង មះលះខាំ (Tharaphong Malakham) បាន​បញ្ជា​ឱ្យ​ទាហាន​ឈុត​ខ្មៅ​ថៃ​នៅ​តំបន់​ព្រំដែន​ជាប់​ក្រុង​ប៉ោយប៉ែត ឱ្យ​ត្រៀម​កងកម្លាំង​ទប់​ស្កាត់​ក្រុម​បាតុករ​ខ្មែរ​ទាំង​ឡាយ​ណា ដែល​គ្រោង​​តវ៉ា​​​​ហាម​ឃាត់​មិន​ឱ្យ​រថយន្ត​ដឹក​ទំនិញ​របស់​ថៃ​ចូល​ទៅ​កម្ពុជា។ ប្រភព​ដដែល​បន្ត​ថា វិធាន​ការ​របស់​អាជ្ញាធរ​ថៃ​នេះ គឺ​បន្ទាប់​ពី​ប្រជា​ពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់​ពី​ការ​បិទ​ច្រក​ទ្វារ​ព្រំដែន​ប្រទេស​ទាំង២ គ្រោង​ធ្វើ​បាតុកម្ម​នៅ​សប្ដាហ៍​ក្រោយ​នេះ ដើម្បី​​ទាមទារ​ឱ្យ​បើក​ច្រក​ទ្វារ​ព្រំដែន​ឡើង​វិញ។ បន្ថែម​ពី​នេះ អាជ្ញាធរ​ថៃ​បាន​ជំរុញ​ឱ្យ​ក្រុម​ហ៊ុន​ឡាន​ដឹក​ទំនិញ​របស់​ខ្លួន ឱ្យ​ប្រុង​ប្រយ័ត្ន​ពេល​ឆ្លង​ដែន​អំឡុង​ពេល​នេះ​ និង​ឱ្យ​ទាក់​ទង​អាជ្ញាធរ​កម្ពុជា​ឱ្យ​បាន​ជាប់លាប់ ដើម្បី​ឱ្យ​ជួយ​​ការពារ​សុវត្ថិភាព​ក្នុង​ពេល​ធ្វើ​ដំណើរ។ អាជ្ញាធរ​ថៃ​ក៏​បាន​ស្នើ​ឱ្យ​ក្រុម​ហ៊ុន​ឡាន​ដឹក​ទំនិញ​របស់​ថៃ​ផ្អាក​ការ​ដឹក​ជញ្ជូន​ទំនិញ​ទៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី៣១ ឧសភា​ដល់​ថ្ងៃ​ទី១ មិថុនា​ផង​ដែរ។

ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា និង​ជា​តំណាង​ឱ្យ​ក្រុម​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ លោក ឌិន ពុទ្ធី ​ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី២៩ ឧសភា​ថា ​បើ​ទោះ​បី​ជា​ខាង​​​ភាគី​ថៃ​ត្រៀម​ទាហាន​ជា​ច្រើន​នាក់​យ៉ាង​នេះ​ក្ដី ក៏​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​នៅ​តែ​ប្រកាន់​ជំហរ​រួម​គ្នា​តវ៉ា​តាម​កាល​កំណត់​ដដែល​ ប្រសិន​បើ​អាជ្ញាធរ​កម្ពុជា​និង​ថៃ​មិន​បាន​បើក​ច្រក​ទ្វារ​ព្រំដែន​ប្រទេស​ទាំង២​​​តាម​ការ​ស្នើ​សុំ​​​នោះ​ទេ​។​លោក​បញ្ជាក់​ថា ក្នុង​ពេល​តវ៉ា​នេះ​ប្រជាពលរដ្ឋ​នឹង​ហាម​ឃាត់​មិន​ឱ្យ​រថយន្ត​ដឹក​ទំនិញ​របស់​ថៃ​ចូល​មក​កម្ពុជា​​​នោះ​​ឡើយ៖ «ដល់​ដំណាក់​កាល​លែង​ខ្លាច​គេ​ចាប់​គេ​ចង​អី​ហើយ​ ព្រោះ​ដោយសារ​តែ​មើល​ទៅ​វា​ឃើញ​តែ​គេ​មក​គេ​រស់​ស្រួល​ អ្នក​មាន​លុយ និង​អ្នក​មាន​អំណាច​គេ​រស់​ស្រួល​ គេ​យក​ទំនិញ​ដឹក​ចូល​មក​តាម​តែ​អំពើ​ចិត្ត​ រី​ឯ​អ្នក​ក្រ​វិញ​សូម្បី​តែ​​ឈាន​ជើង​តែ​៥០០​ម៉ែត្រ​ក៏​មិន​បាន​ផង​ ហើយ​របស់​គេ​​ចូល​មក​២០​គីឡូ​ដី​ក៏​គេ​អាច​​ចូល​បាន​។គេ​ដើរ​ដាក់​ឥវ៉ាន់​​គ្រប់​កន្លែង​តាម​តែ​អំពើ​ចិត្ត​ បើ​​នៅ​ក៏​គង់​តែ​ដាច់​ពោះ​​ស្លាប់​ដដែល​ អីចឹង​មាន​តែ​ទៅ​​តវ៉ា​ហ្នឹង​ឯង​ពួកគាត់​ គាត់​និយាយ​អីចឹង​ នេះ​ជា​គំនិត​របស់​ពួកគាត់​ទេ​មិន​មែន​ជា​គំនិត​របស់​ខ្ញុំ​ទេ»។

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អភិបាល​ខេត្ត​បន្ទាយមានជ័យ​ លោក អ៊ុំ រាត្រី និង​ ប្រធាន​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ​ លោក ពេជ្រ វណ្ណា​ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ ​នៅ​ថ្ងៃ​ទី​២៩​ឧសភា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង ​ពុំ​មាន​អ្នក​ទទួល។

ទោះ​ជា​យ៉ាង​ណា ចាប់​តាំង​ពី​ថ្ងៃ​ទី២៧ ដល់​ថ្ងៃ​ទី២៩ ឧសភា អភិបាល និង​អភិបាល​រង​ខេត្ត​បន្ទាយមានជ័យ ចំនួន ៣នាក់​ហើយ​បាន​បណ្ដាក់​គ្នា​ចុះ​ទៅ​ពង្រឹង​សមត្ថកិច្ច​នៅ​ច្រក​ទ្វារ​ព្រំដែន​​អន្តរជាតិ​ប៉ោយប៉ែត​នោះ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្ត​បន្ទាយ​មាន​ជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ការ​តវ៉ា​ដោយ​សន្តិវិធី គឺ​ជា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ដោយ​ស្រប​ច្បាប់។ លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​នៅ​ព្រំដែន​ជួប​ការ​លំបាក​ដោយសារ​ប្រទេស​ទាំង​២បិទ​​ច្រក​ទ្វារ​ព្រំដែន ដូច្នេះ​អាជ្ញាធរ​កម្ពុជា​និង​ថៃ​គួរតែ​ដោះស្រាយ​សម​ស្រប​ជូន​ពួក​គាត់​វិញ ប្រសើរ​ជាង​ការ​ប្រើ​កម្លាំង​ចាត់​វិធាន​ការ​ទៅ​លើ​ក្រុម​អ្នក​តវ៉ា៖ «ទាក់​ទង​ទៅ​លើ​ច្បាប់​ដែល​កិច្ច​ការពារ​ប្រជាពលរដ្ឋ​នោះ​ វា​ក្លាយ​ទៅ​ជា​ច្បាប់​ឬ​ក៏​​បទ​បញ្ជា​មួយ​មាន​ធ្មេញ​ទំពា​ស៊ី​ប្រជា​ពលរដ្ឋ​ហើយ​។អីចឹង​គួរតែ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​ពួកគាត់​មាន​ការ​បញ្ចេញ​មតិ​ជា​សំឡេង​មួយ ព្រោះ​គ្រាន់​តែ​ការ​បញ្ចេញមតិ​ការ​និយាយ​មិន​មែន​ជា​អ្វី​ដែល​ថា ពួកគាត់​ក្រុម​ប្រឆាំង​​ទេ​ គឺ​ពួកគាត់​ហ្នឹង​ធ្វើ ដើម្បី​ក្រពះ​ដើម្បី​ឱ្យ​ដឹក​នាំ​ប្រទេស​ទាំង​សង្ខាង​ឮ​ទាំង​អស់​គ្នា​ដឹង​ទាំង​អស់​គ្នា​ ហើយ​ថៃ​ក៏​ជា​ប្រទេស​ប្រជាធិបតេយ្យ​គោរព​ច្បាប់ មាន​សេរីភាព​ក្នុង​បញ្ចេញ​មតិ​ដែរ»។

អាជ្ញាធរ​ថៃ​បាន​បិទ​ព្រំដែន​ជាប់​កម្ពុជា​ចាប់​តាំង​ពី​ថ្ងៃ​ទី២៣ ខែ​មីនា​រហូត​មក​ ដើម្បី​ទប់​ស្កាត់​កុំ​រាលដាល​ជំងឺ​កូវីដ១៩។ អំឡុង​ពេល​បិទ​ព្រំដែន​នេះ ឡាន​ដឹក​ទំនិញ​របស់​ថៃ​អាច​ឆ្លង​ដែន​ចូល​មក​កម្ពុជា​បាន​ដោយ​សេរី ចំណែក​ឡាន​ដឹក​ទំនិញ​របស់​កម្ពុជា​​ចូល​ទៅ​ប្រទេស​ថៃ​បាន​តិច​តួច​ប៉ុណ្ណោះ។

កាល​ពី​ថ្ងៃ​ទី២៥ ឧសភា តំណាង​ប្រជាពលរដ្ឋ​លោក ឌិន ពុទ្ធី បាន​ដាក់​លិខិត​ទៅ​សាលា​ខេត្ត​បន្ទាយមានជ័យ​ស្នើ​សុំ​ធ្វើ​បាតុកម្ម​នៅ​មុខ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត។ នៅ​ក្នុង​លិខិត​នោះ បញ្ជាក់​ថា មាន​ក្រុម​អាជីវករ​ អ្នក​រត់​ម៉ូតូឌុប កម្មករ​អូស​រទេះ​ និង​កម្មករ​ស៊ីឈ្នួល​លីសែង​នៅ​ក្នុង​ដី​ថៃ​​​ចំនួន ១ពាន់ ៥០០​នាក់ (១.៥០០) នឹង​ចូល​រួម​ធ្វើ​បាតុកម្ម​ចាប់​ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី៧ ខែ​មិថុនា។ ទោះ​ជា​យ៉ាង​ណា សំណើ​ធ្វើ​បាតុកម្ម​នេះ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បដិសេធ​ភ្លាមៗ៕

Publié dans #NATIONAL

Repost0
Pour être informé des derniers articles, inscrivez vous :
Commenter cet article