អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​ជំរុញ​ឱ្យ​របប​ក្រុង​ភ្នំពេញ​គោរព​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​ពលរដ្ឋ

Publié le 9 Septembre 2020

អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​ជំរុញ​ឱ្យ​របប​ក្រុង​ភ្នំពេញ​គោរព​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​ពលរដ្ឋ

ដោយ វ៉ែន សុមេធ
2020-09-08

 

អ្នក​ជំនាញ​​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ អ្នក​ស្រី រ៉ូណា ស្មីត អះអាង​ថា អ្នក​ស្រី​កំពុង​តាម​ដាន​យ៉ាង​ដិត​ដល់​ចំពោះ​ព្រឹត្តិការណ៍​ចាប់​ចង​ពលរដ្ឋ និង​ការ​ធ្វើ​ទុក​បុក​ម្នេញ​លើ​ក្រុម​សង្គម​ស៊ីវិល ប្រព្រឹត្ត​ដោយ​អាជ្ញាធរ​របប​លោក ហ៊ុន សែន។ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​នៅ​តែ​បកស្រាយ​ថា ការ​ចាប់​ខ្លួន​មនុស្ស​មួយ​ចំនួន​នា​ពេល​ថ្មីៗនេះ គឺ​ជា​ការ​អនុវត្ត​ច្បាប់។

អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នក​ស្រី រ៉ូណា ស្មីត (Rhona Smith) បង្ហោះ​សារ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី៨ កញ្ញា​ថា អ្នក​ស្រី​ព្រួយ​បារម្ភ​ចំពោះ​ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន ៣នាក់ និង​​មនុស្ស​មួយ​ចំនួន​ទៀត ដោយ​មាន​​ទាំង​ព្រះសង្ឃ​មួយ​អង្គ​ផង​ដែរ​។ ក្រៅ​ពី​នេះ អ្នក​ស្រី​ថា អ្នក​ស្រី​​បាន​តាមដាន​យ៉ាង​ដិត​ដល់​ករណី​អាជ្ញាធរ​ចុះ​​ត្រួតពិនិត្យ​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៧ ចាប់​ផ្ដើម​កាល​ពី​សប្ដាហ៍​មុន។

អ្នក​ស្រី រ៉ូណា ស្មីត គូស​បញ្ជាក់​ថា សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ ការ​ចង​ក្រង​ជា​សមាគម​ និង​ការ​ជួប​ជុំ​ដោយ​សន្តិវិធី ​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់ និង​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ ព្រមទាំង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ផង​ដែរ។ អ្នក​ស្រី​លើក​ទឹក​ចិត្ត​អាជ្ញាធរ​កម្ពុជា​ ​ធានា​ឱ្យ​បាន​នូវ​ការ​​គោរព​ និង​ការពារ​សិទ្ធិ​ទាំងនេះ ព្រម​ទាំង​​បង្កើត​បរិយាកាស​ដែល​ពលរដ្ឋ​គ្រប់​រូប​អាច​អនុវត្ត​សិទ្ធិ​ទាំងនេះ​បាន។ អ្ន​ក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​រូប​នេះ ក៏​​ជំរុញ​ឱ្យ​អាជ្ញាធរ​បញ្ជូន​អ្នក​ទាំង​ឡាយ​​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ ​ទៅ​តុលាការ​ឱ្យ​បាន​ឆាប់​រហ័ស​តាម​ច្បាប់​កំណត់ និង​ត្រូវ​គោរព​ឱ្យ​បាន​ពេញលេញ​នូវ​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ប្រកប​ដោយ​យុត្តិធម៌​សម្រាប់​ពួក​គេ​ផង​ដែរ។

អ្នក​ស្រី រ៉ូណា ស្មីត បញ្ចេញ​ប្រតិកម្ម​បែបនេះ  បន្ទាប់​ពី​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​​បាន​ចាប់​ខ្លួន​ក្រុម​​​សកម្មជន អ្នក​នយោបាយ និង​យុវជន​​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់ កើន​ឡើង​ដល់​ ១៦នាក់​ហើយ គិត​ចាប់​ពី​ចុង​ខែ​កក្កដា រហូត​ដល់​ថ្ងៃ​ទី៧ កញ្ញា។ អង្គហេតុ​នៃ​ការ​ចាប់​ខ្លួន​នោះ គឺពាក់​ព័ន្ធ​នឹង​ការ​​រិះគន់​រឿង​​ព្រំដែន ការ​ធ្វើ​សកម្មភាព​ការងារ​បរិស្ថាន ការ​តវ៉ា​ទាម​ទារ​ឱ្យ​មាន​យុត្តិធម៌​សង្គម និង​គម្រោង​​ប្រមូល​ផ្ដុំ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។ ភាគច្រើន​ពួក​គេ​ ត្រូវ​បាន​តុលាការ​​ចោទ​ប្រកាន់​ពីបទ​ “ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​” ដដែលៗ ដែល​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី ៦ខែ​ដល់​ ២ឆ្នាំ។

ឆ្លើយតប​នឹង​សេចក្ដី​ថ្លែង​ការណ៍​របស់​អ្នក​ស្រី រ៉ូណា ស្មីត នេះ សមាជិក និង​ជា​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​ក្រុម​សកម្មជន​មួយ​ចំនួន​ថ្មីៗ នេះ គឺ​ជា​ការ​អនុវត្ត​ច្បាប់។ លោក​ទទួល​ស្គាល់​ថា រដ្ឋ​ធម្មនុញ្ញ​មាន​ចែង​ពី​ការ​ធានា​នូវ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ ក៏ប៉ុន្តែ​ការ​ប្រើប្រាស់​សិទ្ធិ​ទាំង​នោះ​​ត្រូវ​កំណត់​នៅ​ក្នុង​ច្បាប់​ដោយ​ឡែក​ផ្សេង​ទៀត។ លោក​អះអាង​ទៀត​ថា អ្នក​​ស្រី​ រ៉ូណា ស្មីត ច្រើន​តែ​វាយ​តម្លៃ​ពី​ស្ថាន​ការណ៍​សិទ្ធិមនុស្ស ផ្អែក​តាម​ការ​យល់ឃើញ​ផ្ទាល់ខ្លួន ជាង​រឿង​ហេតុ​ជាក់​ស្ដែង​នៅ​កម្ពុជា៖ «ទោះបី​គាត់​បាន​ជួប​ជាមួយ​ក្រសួង​ស្ថាប័ន​នានា​របស់​រដ្ឋាភិបាល​ គ្រាន់​តែ​ជា​ការ​ប្រថាប់​ត្រា​ទៅលើ​របាយការណ៍​គាត់​ប៉ុណ្ណោះ ប៉ុន្តែ​អ្វី​ដែល​គាត់​ត្រៀម​នឹង​និយាយ នឹង​ថ្លែង គឺ​គាត់​មាន​រួច​ជា​ស្រេច​ទៅហើយ។ គាត់​យោង​ទៅលើ​របាយការណ៍​ យោង​ទៅលើ​គំនិត​របស់​គាត់​រួច​ស្រេច​ទៅហើយ។ អ៊ីចឹង​អ្នកស្រី រ៉ូណា ស្មីត គាត់​យក​ការពិត​កម្រិត​ណា ឬ​មិន​យក​ការ​ពិត​កម្រិត​ណា​នោះ វាអាស្រ័យ​ទៅលើ​អ្នក​ស្រី។ ប៉ុន្តែ​អ្វី​ដែល​សំខាន់ រដ្ឋាភិបាល​នៅ​តែ​បន្ត​បំភ្លឺ​ជូន​សហគមន៍​អន្តរជាតិ​អំពី​ទិដ្ឋភាព​ជាក់​ស្តែង​នៅកម្ពុជា អំពី​ទិដ្ឋភាព​នៃ​ការ​គោរព​សិទ្ធិមនុស្ស អំពី​ទិដ្ឋភាព​នៃការ​គោរព​ច្បាប់ និង​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​តទៅទៀត»

ផ្ទុយ​ពី​ការ​អះអាង​នេះ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា ជឿ​ថា ការ​វាយ​តម្លៃ​របស់​អ្នកស្រី រ៉ូណា ស្មីត ឈរ​លើ​គោលការណ៍​សិទ្ធិមនុស្ស និង​មាន​មូលដ្ឋាន​ច្បាស់លាស់ ព្រោះ​អង្គការ​សហប្រជាជាតិ​មាន​ការិយាល័យ​តំណាង​នៅ​កម្ពុជា។ លោក​បន្ត​​ថា អង្គការ​សង្គម​ស៊ីវិល​ជាតិ-អន្តរជាតិ ក៏​មើល​ឃើញ និង​លើក​ឡើង​​ពី​ករណី​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​​នៅ​កម្ពុជា​ដែរ មិន​មែនមាន​​តែ​អ្នក​ស្រី រ៉ូណា ស្មីត ម្នាក់​នោះ​ទេ។

លោក​ មឿន តុលា យល់ថា ការ​បកស្រាយ​របស់​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា គ្រាន់​តែ​ដើម្បី​ការពារ​មុខ​មាត់​រដ្ឋាភិបាល​ប៉ុណ្ណោះ។ លោក​សង្កត់​ធ្ងន់​ថា បើ​​​អាជ្ញាធរ​ពិត​ជា​យក​ច្បាប់​ជា​ធំ​មែន អាជ្ញាធរ​ត្រូវ​នាំ​ខ្លួន​ជន​ដៃដល់ និង​ក្រុម​សន្តិសុខ​ ​ដែល​ប្រើ​ហិង្សា​លើ​​អ្នក​ចូល​រួម​តវ៉ា​ដោយ​សន្តិវិធី យក​ទៅ​កាត់​ទោស​តាម​ច្បាប់។ លើស​ពី​នេះ អាជ្ញាធរ​ត្រូវ​ពិនិត្យ​មើល​​ឡើង​វិញ ចំពោះ​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ដោយ​បំពាន ដោយ​គ្រាន់​តែ​ពួក​គេ​​ចង់​ជួប​ជុំ​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ ​ស្រប​តាម​ច្បាប់​កំណត់៖ «គេ​ជូន​ដំណឹង​ធ្វើ​បាតុកម្ម ហើយ​គេ​មិន​ទាន់​បាន​ធ្វើ​ផង យើង​ទៅ​ចាប់​គេ​ហើយ​ហ្នឹង។ វា​អត់​មាន​ច្បាប់​ណា​អនុញ្ញាត​ឱ្យ​ទេ នេះ​ទី​មួយ។ ទី​ពីរ បើ​យើង​និយាយ​ពី​ការ​អនុវត្ត​ច្បាប់ ចុះ​ហេតុ​អ្វី​អ្នក​វ៉ៃ​គេ​តាម​ផ្លូវ​នោះ​ ម្ដេច​មិន​ចាប់​ផង? ចុះ​ហេតុអ្វី​ប្រជាការពារ​ចាប់​បោះ​ស្ត្រី ប្រើ​ហិង្សា​លើ​ស្ត្រី​ហ្នឹង​ ម្ដេច​ក៏​មិន​មាន​ទោស​ទណ្ឌ? ពួក​គាត់​ហ្នឹង​មិន​មែន​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​ឯណា ហើយ​បើ​ទោះ​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​ក៏​ដោយ យើង​មិន​អាច​ទៅ​បង្ក​ហិង្សា​ដាក់​ប្រជាពលរដ្ឋ​ដែល​អត់​មាន​អាវុធ​ក្នុង​ដៃ​ហ្នឹង​ទេ»

ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន ដូច​ជា សហរដ្ឋ​អាមេរិក អូស្ត្រាលី និង​ស៊ុយអែត​ (Sweden) ជាដើម​ បាន​បង្ហាញ​កង្វល់​ជា​ខ្លាំង​ជុំ​វិញ​ការ​បង្ក្រាប​របស់​អាជ្ញាធរ​កម្ពុជា​លើ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី​នេះ។ ស្ថាន​ទូត​ទាំង​នេះ​អះអាង​ថា ពួក​គេ​កំពុង​តាម​ដាន​ដោយ​យក​ចិត្ត​ទុក​ដាក់​ ចំពោះ​ករណី​ទាំងនេះ និង​ទទូច​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន គោរព​សិទ្ធិមនុស្ស​ និង​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ​ដែល​​កម្ពុជា​បាន​ទទួល​ស្គាល់​យក​មក​អនុវត្ត

 

 

Publié dans #NATIONAL

Repost0
Pour être informé des derniers articles, inscrivez vous :
Commenter cet article