អាមេរិក​ផ្ដល់​អាហារូបករណ៍​ដល់​កូន​មន្ត្រី​យោធា​មួយ​រូប​ទៅ​រៀន​នៅ​សាលា West Point

Publié le 19 Juillet 2020

និស្សិត​យោធា​ដែល​ជាប់​អាហារូបករណ៍​ទៅ​រៀន​នៅ​សាលា​បណ្ឌិត​សភា​យោធា​អាមេរិក​នៅ West Point នេះ ឈ្មោះ អ៊ុន វុឌ្ឍិ។

និស្សិត​យោធា​ដែល​ជាប់​អាហារូបករណ៍​ទៅ​រៀន​នៅ​សាលា​បណ្ឌិត​សភា​យោធា​អាមេរិក​នៅ West Point នេះ ឈ្មោះ អ៊ុន វុឌ្ឍិ។

ដោយ ខែ សុណង
2020-07-19

សហរដ្ឋអាមេរិក​ផ្ដល់​អាហារូបករណ៍​ដល់​យោធិន​វ័យក្មេង​កម្ពុជា​មួយ​រូប ឱ្យ​ទៅ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាលា​បណ្ឌិត​សភា​យោធា (West Point ) ។ មន្ត្រី​យោធា​វ័យក្មេង​រូប​នេះ​អះអាង​ថា រូបគេ​ចង់​ជួយ​អភិវឌ្ឍ​វិស័យ​ការពារ​ជាតិ​របស់​កម្ពុជា ក្រោយ​បញ្ចប់​ការសិក្សា​ពី​សហរដ្ឋអាមេរិក​។ អ្នកឃ្លាំមើល​ជឿ​ថា ទោះជា​និស្សិត​ខ្មែរ​បាន​រៀន​នៅ​សាលា​យោធា​ល្បីៗ​ក៏ដោយ ក៏​ពួកគេ​នឹង​មិន​អាច​ជួយ​ឱ្យ​កម្ពុជា​ផ្លាស់ប្ដូរ​ទៅ​រក​ភាព​ប្រសើរ​ឡើង​ប៉ុន្មាន​នោះ​ដែរ ព្រោះ​ពួកគេ​ខ្លះ​ជា​កូនចៅ​មេដឹកនាំ​បច្ចុប្បន្ន​ដែល​ត្រូវ​ការពារ​អំណាច​របស់​ឪពុក​។ ជាពិសេស គោលនយោបាយ​គ្រប់បែប​យ៉ាង​ទាំង​គោលនយោបាយ​ជាតិ និង​អន្តរជាតិ គឺ​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​អ្នក​រៀបចំ និង​ដាក់​ឱ្យ​អនុវត្ត។

និស្សិត​យោធា​ដែល​ជាប់​អាហារូបករណ៍​ទៅ​រៀន​នៅ​សាលា​បណ្ឌិត​សភា​យោធា​អាមេរិក​នៅ West Point នេះ ឈ្មោះ អ៊ុន វុឌ្ឍិ មាន​ឪពុក​ជា​មន្ត្រី​យោធា និង​ស្ថិត​ក្នុង​គ្រួសារ​មាន​ជីវភាព​ស្ដុកស្ដម្ភ នៅ​រាជធានី​ភ្នំពេញ​។ យុវជន​រូប​នេះ​មាន​អាយុ​១៨ ឆ្នាំ និង​រៀន​នៅ​សាលា​ឯកជន​កម្រិត​អន្តរជាតិ មុន​នឹង​ប្រឡង​ជាប់​ចូលរៀន​នៅ​វិទ្យាស្ថាន​ទ័ព​ជើង​គោក វគ្គ​បន្តវេន​ជំនាន់​ទី​១៣​។ យុវជន​រូប​​នេះ​សិក្សា​នៅ​វិទ្យាស្ថាន​ទ័ព​ជើង​គោក​បាន​៣ ខែ រួច​ក៏​ត្រូវ​បាន​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ផ្ដល់​អាហារូបករណ៍​ឱ្យ​ទៅ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​នៅ​សាលា West Point ក្នុង​បូរី​ញូវយ៉ក (New York)

យុវជន អ៊ុន វុឌ្ឍិ ឱ្យ​អាស៊ីសេរី​ដឹង​ថា រូបគេ​បាន​ចំណាយ​ពេលវេលា​ជាច្រើន​នៃ​ការសិក្សា​ក្នុង​បណ្ណាល័យ ការ​ហ្វឹកហាត់​ពង្រឹង​កាយសម្បទា ការ​រត់​ម៉ារ៉ាតុង​លើ​ចម្ងាយ​ផ្លូវ​រាប់​គីឡូម៉ែត្រ និង​ការ​ធ្វើតេស្ត​សមត្ថភាព​ភាសា​អង់គ្លេស​។ យុវជន​រូប​នេះ​អះអាង​ថា រូបគេ​ទទួល​បាន​អាហារូបករណ៍​ទៅ​រៀន​នៅ​សាលា West Point នេះ មិន​ជាប់​ពាក់ព័ន្ធ​ជា​នឹង​ឪពុក​ដែល​ជា​មន្ត្រី​យោធា​នោះ​ឡើយ តែ​បាន​ទទួល​ពី​រដ្ឋាភិបាល​អាមេរិក​តាមរយៈ​ស្ថានទូត​នៅ​ភ្នំពេញ។

យុវជន អ៊ុន វុឌ្ឍិ ថ្លែង​ក្នុង​វីដេអូ​ដែល​ស្ថានទូត​អាមេរិក​បាន​បង្ហោះ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ការសិក្សា​នៅ​សាលា West Point លោក​ចង់​ពង្រឹង​ជំនាញ​ភាពជា​អ្នកដឹកនាំ ជំនាញ​ទំនាក់ទំនង ជាពិសេស​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ ដែល​លោក​ចូលចិត្ត​តាំង​ពី​ដើម​មក៖ «ចំណេះដឹង​ក្នុង​មុខវិជ្ជា Computer Science (​វិទ្យាសាស្ត្រ​កុំព្យូទ័រ) ក៏​ខ្ញុំ​ចង់បាន​ចេះ​ពី West Point ហើយ​រៀន​ពី Teamwork (​ការងារ​ក្រុម​)​។ ពេល​ខ្ញុំ​មក​ប្រទេស​កម្ពុជា​វិញ ខ្ញុំ​ចង់​អភិវឌ្ឍ​ប្រទេសជាតិ​ក្នុង​វិស័យ​អប់រំ ឬក៏​វិស័យ​យោធា អ្វី​ក៏ដោយ​ដែល​យោធា​ត្រូវការ​ពី​ខ្ញុំ»

យុវជន អ៊ុន វុឌ្ឍិ បាន​ទៅដល់​សហរដ្ឋអាមេរិក​ហើយ ហើយ​នឹង​ចាប់ផ្ដើម​លំហាត់​យោធា និង​កាយសម្បទា ព្រមទាំង​ចូល​សិក្សា​នៅ​ចុងខែ​សីហា ខាងមុខ​នេះ។

ទាក់ទង​នឹង​ការ​ផ្តល់​អាហារូបករណ៍​ដល់​យុវជន អ៊ុន វុឌ្ឍិ ដែល​ជា​កូន​មន្ត្រី​យោធា​កម្ពុជា​នេះ ស្ថានទូត​សហរដ្ឋអាមេរិក​អះអាង​ថា ដំណើរការ​ជ្រើសរើស​នេះ គឺ​ផ្អែក​ទាំងស្រុង​លើ​សមត្ថភាព។អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា អ្នកស្រី អេមេលី ហ្ស៊ីបឺ​គ (Emily Zeeberg) ប្រាប់​អាស៊ីសេរី​តាម​អ៊ីមែល (E-mail) ថា សិស្ស​នាយទាហាន អ៊ុន វុឌ្ឍិ បាន​ឆ្លងកាត់​កម្មវិធី​ប្រកួតប្រជែង​ដែល​បើកទូលាយ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប មិន​ថា​ស្រី ឬ​ប្រុស ស្របតាម​លក្ខខណ្ឌ​អប្បបរមា រួមមាន​អាយុ ការអប់រំ និង​កាយសម្បទា ជាដើម​។ អ្នកស្រី​បញ្ជាក់​ថា សិស្ស​នាយទាហាន​ទាំងអស់​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ឱ្យក្លាយ​ជា​អ្នកដឹកនាំ​ដែល​លះបង់​សម្រាប់​វិស័យ​យោធា​កម្ពុជា​ពេញ​មួយ​ជីវិត​របស់​ពួកគេ ទាំង​នៅ​ក្នុង​ពេល​ស្លៀកពាក់​ឯកសណ្ឋាន និង​មិន​ស្លៀកពាក់​ឯកសណ្ឋាន​។ អ្នកស្រី​គូស​បញ្ជាក់​ថា ពួកគេ​មិន​មាន​កាតព្វកិច្ច​ណាមួយ​ចំពោះ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នោះ​ឡើយ។

តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ភៀសខ្លួន​នៅ​សហរដ្ឋអាមេរិក លោក អ៊ុំ សំអាន អះអាង​ថា លោក​ធ្លាប់​ដាក់​ពាក្យ​ប្រឡង​ទៅ​សាលា West Point កាល​ពី​ឆ្នាំ​១៩៩៤ តែ​ការ​ប្រឡង​នោះ​ត្រូវ​បាន​លុបចោល​វិញ ដោយ​លោក ហ៊ុន ម៉ាណែត បាន​ជាប់​ដោយ​ស្វ័យប្រវត្តិ​។ លោក​បន្ត​ថា សហរដ្ឋអាមេរិក​ច្រើន​ផ្តល់​ឱកាស​ដល់​កូន​អ្នកដឹកនាំ ឬ​មន្ត្រី​ធំៗ​បាន​ទៅ​រៀន​នៅ​សាលា​យោធា​ល្បីៗ គឺ​ដើម្បី​ឱ្យ​ពួកគេ​ត្រឡប់មកវិញ​ជួយ​តម្រង់​ទិស​ឪពុក​របស់​ខ្លួន​ដែល​ជា​ជន​កុម្មុយនិស្ត ឱ្យ​ងាក​ទៅ​ដឹកនាំ​ប្រទេស​តាម​បែប​ប្រជាធិបតេយ្យ​វិញ៖ «តាំង​ពី​ដើម​មក គេ​ច្រើន​រើស​យក​កូន​អ្នកធំ ឬក៏​កូន​ឧត្តមសេនីយ៍​មក​រៀន​នៅ​សាលា​បណ្ឌិត​សភា West Point ហ្នឹងឯង ហើយ​ថា​អាមេរិក​ពុករលួយ ឬ​បក្ខពួក​និយម មិនមែន​អ៊ីចឹង​ទេ​។ គឺ​សាលា​ហ្នឹង​គេ​មាន​គោលនយោបាយ​មួយ គេ​ចង់​បណ្ដុះបណ្ដាល​កូន​អ្នកធំ ជ្រាប​ពី​ប្រជាធិបតេយ្យ​នៅ​អាមេរិក​ហ្នឹង​។ ថ្ងៃ​ក្រោយ​ទៅវិញ អាច​គាត់​ប្រែ គាត់​អាច​យក​ប្រជាធិបតេយ្យ​ទៅ​សាបព្រោះ​នៅ​ប្រទេស​ដែល​ផ្ដាច់ការ​ហ្នឹង​។ តែ​យើង​ឃើញ​ថា កន្លង​មក​នេះ​លោក ហ៊ុន ម៉ាណែត បណ្ឌិត​យោធា​នៅ​អាមេរិក​មែន ប៉ុន្តែ​ទៅវិញ​គាត់​នៅតែ​គំនិត​កុម្មុយនិស្ត​ដូច​ឪពុក​របស់​គាត់​ដដែល»

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ឱ្យ​ដឹង​ថា គិត​មក​ដល់​ពេល​នេះ មាន​ពលរដ្ឋ​ខ្មែរ​ចំនួន​១២ នាក់​ហើយ ដែល​បាន​បញ្ចប់​ការសិក្សា និង​ខ្លះ​ទៀត​កំពុង​សិក្សា​នៅ​សាលា​យោធា​សហរដ្ឋអាមេរិក។

និយាយ​ដោយឡែក ចំពោះ​សាលា West Point វិញ យុវជន អ៊ុន វុឌ្ឍិ គឺជា​និស្សិត​ទី​៥ ហើយ​ដែល​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ទីនោះ​។ និស្សិត​ខ្មែរ​ដំបូង​គេ​ដែល​បាន​រៀន​នៅ​សាលា​យោធា​ដ៏​ល្បីល្បាញ​មួយ​នេះ គឺ​លោក ហ៊ុន ម៉ាណែត កូនប្រុស​ច្បង​លោក ហ៊ុន សែន​។ បន្ត​មក​ទៀត គឺ​អ្នកស្រី មៀច សិទ្ធិការ្យ និង​ប្អូនប្រុស​ឈ្មោះ មៀច សុវិសាល ដែល​អ្នក​ទាំងពីរ​ជា​កូន​របស់​លោក មៀច សុផាន់ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ មាន​ឋានន្តរសក្ដិ​ជា​នាយ​ឧត្តមសេនីយ៍​ផ្កាយ​៤​។ លោក ហ៊ុន ម៉ាណែត អ្នកស្រី មៀច សិទ្ធិការ្យ និង​លោក មៀច សុវិសាល បាន​បញ្ចប់​ការ​សិក្សា​ហើយ។ ចំណែក និស្សិត​ខ្មែរ​ទី​៤ ដែល​កំពុង​សិក្សា​នៅ​សាលា West Point តាំងពី​ឆ្នាំ​២០១៨ នោះ​វិញ មានឈ្មោះ ទ្រី លាង ជា​កូន​អាជីវករ​នៅ​ផ្សារ​អូឡាំពិក។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរ៉ា ថ្លែង​ថា ទោះបីជា​និស្សិត​ខ្មែរ​មួយ​ចំនួន​បាន​ទៅ​រៀន​ដល់​សាលា​បណ្ឌិត​សភា​យោធា​ល្បីៗ ដូចជា នៅ West Point ក៏ដោយ ក៏​មិនមែន​មានន័យថា ពួកគេ​អាច​ផ្លាស់ប្ដូរ​គោលនយោបាយ ឬ​ជួយ​ស្តារ​ទំនាក់ទំនង​ល្អក់កករ​រវាង​រដ្ឋាភិបាល​សព្វថ្ងៃ និង​សហរដ្ឋអាមេរិក​បាន​ដែរ។ ជា​ឧទាហរណ៍ លោក ហ៊ុន ម៉ាណែ​ត ដែល​បាន​ឡើង​តំណែង​ជា​បន្តបន្ទាប់​រហូតដល់​ក្លាយ​ជា​មេទ័ព​ជើងគោក មិន​បាន​ធ្វើ​ឱ្យ​ទំនាក់ទំនង​វិស័យ​យោធា​ប្រទេស​ទាំងពីរ​បាន​ល្អ​ប្រសើរ​ជាង​មុន​នោះ​ឡើយ៖ «ខ្ញុំ​គិត​ថា មក​ពី West Point អ្វី​ក៏ដោយ អាស្រ័យ​ទៅ​លើ​និន្នាការ​អ្នកដឹកនាំ​ចង់​ងាក​ទៅ​រក​ខាង​ណា​ទេ​? ប្រសិនបើ​គាត់​មកពី West Point តែ​គាត់​ងាក​ទៅ​រក​ចិន​ហ្នឹង ក៏​មិន​អាច​ជួយ​ការ​អភិវឌ្ឍ ឬ​ការ​ស្តារ​ទំនាក់ទំនង​កម្ពុជា​-​អាមេរិក ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ទេ​។ អាហ្នឹង​ខ្ញុំ​លើក​ឧទាហរណ៍​មួយ​ជាក់ស្ដែង កូន​នាយករដ្ឋមន្ត្រី គាត់​មកពី West Point ឯកឧត្ដម ហ៊ុន ម៉ាណែត ប៉ុន្តែ​យើង​មើល​កន្លងមក កិច្ច​ស្ដារ​ទំនាក់ទំនង​កម្ពុជា​(​ជាមួយ​អាមេរិក​) ដូចជា​មិនទាន់​រីកចម្រើន​ដល់​កម្រិត​ជាមួយ​ចិន​ទេ​។ លុប​សមយុទ្ធ​ពី​អតីតកាល​ជាមួយ​អាមេរិក​រឿង​ឆ្មាំ​អង្គរ​ចោល យើង​ទុក​តែ​នាគ​មាស​ជាមួយ​ចិន​។ អ៊ីចឹង​គោលនយោបាយ ឬក៏​ការ​កសាង​ទំនាក់ទំនង​ហ្នឹង អាស្រ័យ​ទៅ​លើ​ឆន្ទៈ​នយោបាយ ឬក៏​ហៅថា អាកប្បកិរិយា​នយោបាយ​របស់​ថ្នាក់ដឹកនាំ​នីមួយៗ​ទេ»

លោក ហ៊ុន ម៉ាណែត តែង​ចេញមុខ​ប្រកាស​ថា ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ កងទ័ព​ត្រូវ​ការពារ​សមិទ្ធផល​ឪពុក​របស់​លោក ក្រោម​ពាក្យ​ថា ការពារ​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​។ ជាមួយ​គ្នា​នេះ លោក​បាន​ហៅ​ក្រុម​អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​ថា ជា​ក្រុម​ជន​អគតិ ជន​ក្បត់ជាតិ និង​ជា​ក្រុម​វង្វេងជាតិ​បម្រើ​បរទេស ជាដើម​។ អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង​យល់ថា លោក ហ៊ុន ម៉ាណែត អាច​នឹង​ផ្ដាច់ការ​ជាង​លោក ហ៊ុន សែន ទៅទៀត ព្រោះ​លោក​មានគុណ​សម្បត្តិ​តិចតួច​ទាំង​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល និង​ក្នុង​បក្ស ដូច្នេះ​លោក​ត្រូវ​បង្ក្រាប​អ្នក​ប្រឆាំង​នឹង​មតិ​របស់​លោក ដើម្បី​ក្តាប់​អំណាច​បាន​ត​ពី​ឪពុក​។ ចំណែក លោក ហ៊ុន សែន វិញ ក៏​កំពុង​ត្រួសត្រាយ​ផ្លូវ​ឱ្យ​កូនប្រុស​ច្បង​របស់​លោក​ដែរ តាមរយៈ​ការ​ដំឡើង​ឋានៈ​ជា​បន្តបន្ទាប់​ឱ្យ​លោក ហ៊ុន ម៉ាណែត ការ​ដាក់​មនុស្ស​ជំនិត​របស់​លោក ហ៊ុន ម៉ាណែត ឱ្យ​ក្លាយ​ជា​អ្នកដឹកនាំ​អម​លោក ហ៊ុន ម៉ាណែត និង​ការ​បង្កើត​ច្បាប់​ដើម្បី​ទុក​បង្ក្រាប​សំឡេង​ប្រឆាំង និង​អ្នក​រិះគន់ ជាដើម។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា ប្រទេស​មហាអំណាច​មិន​គួរ​ជ្រើសរើស​និស្សិត​ឱ្យ​ទៅ​រៀន​នៅ​សាលា​ល្បីៗ​របស់​ខ្លួន ដោយ​សម្រេចចិត្ត​ផ្នែក​ណាមួយ​ផ្អែកលើ​សាវតា​ជា​កូន​អ្នកដឹកនាំ ឬ​មន្ត្រី​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល​ឡើយ ព្រោះ​ការ​ជ្រើសរើស​បែបនេះ​អាច​មិន​ទទួល​បាន​ផល​ដូច​ការ​គិត​។ ផ្ទុយទៅវិញ លោក​ថា ប្រទេស​មហាអំណាច​គួរ​ផ្តល់​ឱកាស​បើកចំហ និង​ស្មើភាព​គ្នា​ជាង​នេះ​ដល់​កូនចៅ​ពលរដ្ឋ​សាមញ្ញ ពីព្រោះ​ពួកគាត់​ក៏​មាន​សមត្ថភាព ហើយ​អាច​ជួយ​អភិវឌ្ឍ​ជាតិ​ខ្មែរ​បាន​ដោយ​ពិតប្រាកដ៕

Publié dans #NATIONAL

Repost0
Pour être informé des derniers articles, inscrivez vous :
Commenter cet article