ក្រសួង​ធនធាន​ទឹក៖ ស្ថាន​ភាព​ទឹក​​ទន្លេ​មេគង្គ​​តាម​ខេត្ត​នានា​នឹង​បន្ត​ស្រក​ចុះ ខណៈ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ទំនប់​វារី​អគ្គិសនី

Publié le 19 Juillet 2020

ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ឲ្យ​ដឹង​ថា ​ស្ថាន​ភាព​ទឹក​ទន្លេ​មេគង្គ​នឹង​បន្ត​ស្រក​ទៀត​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។ ការណ៍​នេះនាំ​ឲ្យ​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ​ ព្រួយ​បារម្ភ​កសិផល​របស់​ពួកគេ ខណៈ​ភ្លៀង​មិន​ទៀង​ទាត់។

ការ​ព្យាករ​អំពី​កម្ពស់​ទឹក ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​ធនធាន​ទឹក និង​ឧតុ​និយម​ នៅ​ថ្ងៃ​សុក្រ​នេះ ឲ្យ​ដឹង​ថា ​កម្ពស់​ទឹក​នៅ​ថ្ងៃ​នេះ ស្រក​ជាង​ថ្ងៃ​ម្សិលមិញ ហើយ​កម្ពស់​ទឹក​នេះ​នឹង​បន្ត​ស្រក​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​ទៀត គឺ​ចាប់​ពី​ថ្ងៃ​សៅរ៍ ទី​១៨​ ដល់​ថ្ងៃ​ទី​២០​ ខែ​កក្កដា។

ក្រសួង​បញ្ជាក់​ថា ​កម្ពស់​ទឹក​ទន្លេ​មេគង្គ ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ ស្ថិត​ក្នុង​កម្រិត ​៣ ម៉ែត្រ​កន្លះ គឺ​ស្រក​កន្លះ​តឹក បើ​ធៀប​នឹង​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ កម្ពស់​ទឹក​ទន្លេ​មេគង្គ​ខេត្ត​ក្រចេះ​ ៩,២១ម៉ែត្រ គឺ​ស្រក​ជាង​២​តឹក។ កម្ពស់​ទឹក​ទន្លេ​មេគង្គ​ខេត្ត​កំពង់​ចាម​ ៤,៣៦ម៉ែត្រ ​គឺ​ស្រក​ជិត​ ២​តឹក។ កម្ពស់​ទឹក​ទន្លេ​បាសាក់​ចតុ​មុខ ២,២៦ម៉ែត្រ គឺ​ស្រក​ចុះ​មួយ​តឹក។ ចំណែក​ទន្លេ​មេគង្គ​អ្នក​លឿង កម្ពស់​ទឹក​ ១,៧២ម៉ែត្រ គឺ​ស្រក​ចុះ​ជិត​កន្លះ​តឹក។

កម្រិត​កម្ពស់​ទឹក​នា​ពេល​នេះ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​មុន គឺ​ស្រក​ចុះ​ផ​ង​ដែរ ដូច​ជា​ក្នុង​ខេត្ត​ក្រចេះ ស្រក​ចុះ​ជាង ​១​តឹក ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ស្រក​ចុះ​ជិត​កន្លះ​តឹក​ បើ​ធៀប​នឹង​ឆ្នាំ​មុន។ នេះ​បើ​តាម​ក្រសួង​ធនធាន​ទឹក។

លោក ចាន់ យុត្ថា រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​របស់​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម ​ថ្លែង​ប្រាប់​ VOA នៅ​ថ្ងៃ​សុក្រ​នេះ​ថា ស្ថានភាព​ទឹក​ទន្លេ​មេគង្គ​នៅ​ទាប​នៅ​ឡើយ បើ​ធៀប​នឹង​បណ្តា​ឆ្នាំ​កន្លង​ទៅ។ លោក​បន្ត​ថា​ ដើម​រដូវ​វស្សា​នេះ ភ្លៀង​មិន​ទាន់​ធ្លាក់​រាយ​ប៉ាយ​នៅ​ឡើយ ជា​ពិសេស​នៅ​ក្នុង​ក្រប​ខណ្ឌ​អាង​ទន្លេ​មេគង្គ។ លោក​បន្ត​ថា​ នៅ​ខែ​សីហា​ខាង​មុខ តាម​ការ​ព្យករ នឹង​មាន​ភ្លៀង​រាយប៉ាយ​ល្អ​នៅ​តំបន់​ផ្ទៃ​រង​ទឹក​ភ្លៀង​ទន្លេ​មេគង្គ។

លោក​មាន​ប្រសាសន៍​ថា៖ «អញ្ចឹង​របប​ទឹក​ទន្លេមេគង្គ គឺ​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធិ​ជាមួយ​នឹង​ស្ថានភាព​អាកាស​ធាតុ»។

បើ​តាម​លោក ចាន់ យុត្ថា ជា​មធ្យម ក្នុង​មួយ​ឆ្នាំ មាន​ព្យុះ​ដែល​កើត​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ឬ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ក្តី ជា​មធ្យម​អាច​មាន ​៥​ ទៅ ​៦​ដង ដែល​ធ្វើ​ដំណើរ​ទៅ​តំបន់​ផ្ទៃ​រង​ទឹក​ភ្លៀង​របស់​ទន្លេ​មេគង្គ ប៉ុន្តែ​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ណា​មួយ​នៅ​ឡើយ​ទេ។

លោក គល់ វឌ្ឍនា អគ្គលេខាធិការ​រង​នៃ​គណៈ​កម្មាធិការ​ទន្លេ​មេគង្គ​កម្ពុជា មាន​ប្រសាសន៍​ថា​ មាន​កត្តា​រួម​ផ្សំ​ច្រើន ដែល​នាំ​ឲ្យ​កម្រិត​ទឹក​ទន្លេ​មេគង្គ​ធ្លាក់​ចុះ ដែល​លោក​ថា ​សំខាន់​ជាង​គេគឺ​មក​ពីបម្រែ​បម្រួល​អាកាស​ធាតុ ហើយ​ការ​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​នៅ​លើ​ទន្លេ​មេគង្គ អាច​ជា​កត្តា​តូច​មួយ​តែ​ប៉ុណ្ណោះ។

លោក​មាន​ប្រសាសន៍​ថា៖ «អញ្ចឹង​ហើយ​បាន​ខ្ញុំ​មិន​សន្និដ្ឋាន​ដាច់​ខាត​ថា ​ទំនប់​ហ្នឹង​វា​មិន​ចូល​រួម​ដល់​ការ​ខ្វះ​ទឹក​ទេ វា​មាន​ចំណែក​តូច​មួយ​នៅ​ក្នុង​ហ្នឹង។ ក៏​ប៉ុន្តែ ​វា​មាន​ចំណែក​ច្រើន​ទៅ​ទៀត ដែល​ធ្វើ​ឲ្យ​ខ្វះ​ទឹក​ហ្នឹង គឺ​បម្រែ​បម្រួល​អាកាស​ធាតុ»។

បើ​តាម​លោក វឌ្ឍនា បើ​គិត​អំពី​បរិមាណ​ទឹក​សរុប​ ១០០​ភាគ​រយ​ នៅ​លើ​អាង​ទន្លេមេគង្គ ក្នុង​ប្រទេស​ចិន ទឹក​ទន្លេ​ក្នុង​ខេត្ត​យូណាន មាន​ប្រមាណ ​១៧​ភាគរយ មីយ៉ាន់​ម៉ា ​១​ភាគរយ និង​ក្រៅ​ពី​នោះ គឺ​ជាង​ ៨០​ភាគរយ​ មាន​នៅ​ប្រទេស​ទន្លេ​មេគង្គ​ក្រោម ដែល​មាន​ឡាវ ថៃ កម្ពុជា ​និង​វៀតណាម។

លោក​បញ្ជាក់​ថា៖ «ឧបមា​ថា​ប្រសិន​បើ​ ១៧​ភាគរយ បិទ​ជិត​ឈឹង មិន​ឲ្យ​ហូរ​មក ក៏​វា​មិន​ប៉ះពាល់​ធ្ងន់​ធ្ងរ​មក​ដល់​របប​ទឹក​ខាង​ក្រោម​ដែរ ព្រោះវា​តែ​ ១៧​ភាគរយ»។

ទំនប់​វារី​អគ្គិសនី​ដ៏​ចម្រូង​ចម្រាស​របស់​ឡាវ នៅ​ផ្នែក​ខាង​លើ​ទន្លេ​មេគង្គ​ ដែល​នៅ​ជិត​កម្ពុជា​ មាន​ដូច​ជា​ទំនប់​វារី​អគ្គិសនី​សាយ៉ាប៊ូរី (Xayaburi) និង​ដន​សាហុង ​(Don Sahong)។

សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើ​ផ្នែក​បរិស្ថាន​នៅ​កម្ពុជា​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​លើ​គម្រោង​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​ជា​បន្ត​បន្ទាប់​ នៅ​លើ​ដង​ទន្លេ​មេគង្គ​ ជាពិសេស​ទំនប់​របស់​ប្រទេស​ឡាវ ដែល​ពួកគេ​អះអាង​ថា​ នឹង​ធ្វើ​ឲ្យ​កម្រិត​ទឹក​ទន្លេ​មេគង្គ​ធ្លាក់​ចុះ​ ហើយ​ប៉ះពាល់​ផល​ត្រី​ និង​ដី​ល្បាប់​នៅ​ផ្នែក​ខាង​ក្រោម។

លោក គល់ វឌ្ឍនា មាន​ប្រសាសន៍​ថា ទំនប់​នៅ​ក្នុង​ប្រទេស​លាវ ជា​ទំនប់​ដែល​ធ្វើ​ឡើងជា​ការ​ស្តុក​ទឹក​មួយ​ពេល ដូច្នេះ​វា​មិន​ប៉ះពាល់​អ្វី​នោះ​ទេ។

លោក ហុក ម៉េង​ហ៊ាន់ ប្រធាន​កម្មវិធី​បរិស្ថាន​និង​កសិកម្ម​នៃ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​ (NGO Forum) មាន​ប្រសាសន៍​ថា ​ការ​ផ្លាស់​ប្តូរ​កម្រិត​ទឹក​ទន្លេ​មេគង្គ អាច​មក​ពី​កត្តា​មួយ​ចំនួន ដូច​ជា​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ដែល​នាំ​ឲ្យ​រាំង​ស្ងួត​ ការ​គ្រប់​គ្រង​ទី​ជម្រាល ​និង​ការ​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​ នៅ​លើ​ទន្លេ​មេគង្គ ដែល​នាំ​ឲ្យ​ទឹក​ហូរ​មិន​ទៀង​ទាត់។

លោក​មាន​ប្រសាសន៍​ថា៖ «វា​អាច​ទាក់​ទង​នឹង​លំហូរ​ទឹក​ពី​លើ​មក។ លំហូរ​ទឹក​នេះ យើង​ឃើញ​ថា​ ការ​ផ្លាស់​ប្តូរ​រដូវ​កាល វា​អាច​ប៉ះពាល់​ទៅ​នឹង​ការ​សាង​សង់ infrastructure​ (ហេដ្ឋារចនា​សម្ព័ន្ធ)​ មួយ​ចំនួន​ដែល​នៅ​ខាង​លើ​ (ទន្លេ​មេគង្គ)។ ពេល​ខ្លះ​គាត់​បិទ​ទឹក ពេល​ខ្លះ គាត់​បើក​ទឹក វា​អាច​ផ្លាស់​ប្តូរ Seasonal (រដូវ)។ ទឹក​វា​នៅ​តែ​ធ្លាក់​មក​ខាង​ក្រោម​ហ្នឹង តែ​វា​ផ្លាស់​ប្តូរ​ពេល»។

ពលរដ្ឋ​ម្នាក់​នៅ​លើ​កោះ​ត្នោត អ្នកស្រី សឿង រម្យចា អាយុ​៣១​ឆ្នាំ រស់​ក្នុង​ភូមិ​កោះ​ដំបង ឃុំ​បឹង​ចារ ស្រុក​សំបូរ ខេត្ត​ក្រចេះ ថ្លែង​ប្រាប់ ​VOA​ថា មេឃ​មិន​ភ្លៀង​ខុសប្រក្រតី។ អ្នកស្រី​ដែល​មាន​កូន ​២នាក់ បារម្ភ​ថា​ បើ​អាកាស​ធាតុ​នៅ​តែ​បែប​នេះ នឹង​ប៉ះពាល់​ដល់​ការ​ធ្វើ​កសិកម្ម​របស់​ប្រជាពលរដ្ឋ ក្នុង​នោះ​មាន​ការ​ធ្វើ​ស្រែ​របស់​អ្នកស្រី​ ២​ហិកតា​ ផង​ដែរ។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «មួយ​រយៈ​នេះ នៅ​តំបន់​ខ្ញុំ​អត់​សូវ​ភ្លៀង​ទេ អត់​ភ្លៀង​តែ​ម្តង ចូល​ជិត​មួយ​ខែ​ហើយ អត់​មាន​ភ្លៀង​ទេ»។

អ្នកស្រី​យល់​ថា​ ការ​រាំង​ទឹក​ភ្លៀង​នេះ គឺ​ដោយសារ​ហេតុ​ផល​មួយ​ចំនួន ក្នុង​នោះ​ជា​អបីយជំនឿ​របស់​អ្នកស្រី ដែល​ថា​មិន​បាន​ធ្វើ​ពិធី​ចូល​ឆ្នាំ សុំ​ទឹក​ភ្លៀងនិង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ។

អ្នកស្រី​បន្ថែម​ថា៖ «ទីមួយ​ខ្ញុំ​គិត​ថា​ តាម​អបីយ​ជំនឿ ទីពីរ​ខ្ញុំ​គិត​ថា​យើង​បាត់​បង់​ព្រៃឈើ បាត់​បង់​អី​ច្រើន​អញ្ចឹង ក្តៅ គ្មាន​ដើម​ឈើ ដើម​អី ដើម្បី​ស្រូប​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ក្នុង​តំបន់​ហ្នឹង ខ្ញុំ​គិត​ថា​អញ្ចឹង»។

អ្នកស្រី​ក៏បារម្ភ​អំពី​ការ​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​លើ​ទន្លេ​មេគង្គ ដែល​នាំ​ឲ្យ​ទឹក​ស្រក​ឡើង ខុស​ពី​ធម្មតា។​

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត លោក ឆៃ សុខៃ អាយុ​២៦​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​សៀមបូក ឃុំ​សៀម​បូក ស្រុក​សៀមបូក ខេត្ត​ស្ទឹង​ត្រែង ថ្លែង​ប្រាប់​ VOA​ ថា ​មេឃ​មិន​មាន​ភ្លៀង​ខុស​ពី​ធម្មតា ដែល​ធ្វើ​ឲ្យ​កសិករ​ពិបាក​ធ្វើ​ស្រែ។ លោក​បន្ត​ថា ​ពេល​ខ្លះ​ទឹក​ទន្លេ​មេគង្គ​ស្រក​ឡើង​ខុស​ពី​ធម្មតា ដែល​ធ្វើ​ឲ្យ​កសិករ​មិន​អាច​ធ្វើ​ស្រែ​នៅ​តាម​អូរ​ទាប​ៗ ព្រោះ​ខ្លាច​ទឹក​លិច។

លោក​មាន​ប្រសាសន៍​ថា៖ «ព្រោះ​អី​ខែ​នេះ ដល់​រដូវ​គេ​ធ្វើ​ស្រែ។ រាល់​ឆ្នាំ​អី​ជួន​កាល​ភ្លៀង ខាន​តែ​មួយ​ថ្ងៃ​អី ជួន​កាល​រាល់​ថ្ងៃ។ ឥឡូវ​នេះ​អត់​ទេ ភ្លៀង​មួយ​ថ្ងៃ​អញ្ចេះ បី​ថ្ងៃ​ក្រោយ បាន​ភ្លៀង​ទៀត។ វា​លក្ខណៈ​ចូល​ដល់​ខែ​វស្សា​ហើយ វា​ប្រែ​ប្រួល​ទៅ​ជា​រាំង​វិញ»។

លោក​បន្ថែមថា៖ «ហើយ​ទឹក​ទន្លេ ឥឡូវ អត់​សូវ​ឡើង​ប៉ុន្មាន​ទេ។ ទឹក​តិច ទឹក​តិច​ខុស​ពី​រាល់​ឆ្នាំ បើ​ខែ​នេះ​អី​រាល់​ឆ្នាំ តាម​ច្រាំង តាម​កោះ​អី វា​លិច​អស់ តែ​ឆ្នាំ​នេះ​អត់​ទេ ដោយ​សារ​ប្រហែល​មក​ពី​អត់​សូវ​មាន​ភ្លៀង​ផង ឬ​ប្រហែល​ជា​គេ​បិទ​ទំនប់​អី​ខាង​លើ​ផង វា​គួប​ផ្សំ​គ្នា»។

គួរ​បញ្ជាក់​ថា​ មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​រ៉ែ​និង​ថាមពល​ឲ្យ​ដឹង​ថា កម្ពុជា​មិន​មាន​ផែន​ការ​ក្នុង​ការ​ស្ថាបនា​ទំនប់​វារី​អគ្គិ​សនី​លើ​តួ​ទន្លេ​មេគង្គ​នោះ​ទេ ​ក្នុង​រយៈ​ពេល ​១០​ឆ្នាំ​ខាង​មុខ ​គឺ​រហូត​ដល់​ឆ្នាំ ​២០៣០៕

Publié dans #NATIONAL

Repost0
Pour être informé des derniers articles, inscrivez vous :
Commenter cet article